ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តមកពីក្រោយបុកពេញទំហឹងស្លាប់ម្នាក់របួស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ពេលបញ្ជូនមកកាន់មន្ទីរពេទ្យ ចំណែក២នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏ត្រូវរថយន្តបើកជែងក្នុងល្បឿនលឿន ស្របទិសគ្នាបុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៥០ លេខ១៥១ ស្ថិតក្នុងភូមិកំពោតប្រ៉ស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះឆេង ស្រួន អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុសជុលម៉ាញ៉េ មានទីលំនៅភូមិកំពង់ចំឡង ឃុំកំពង់ចំឡង ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល និងអ្នករួមដំណើរ២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមានឈ្មោះសុខ សេកថន់ អាយុ៤២ ឆ្នាំមុខរបរបើកបររថយន្តកាត់ស៊ីរស់នៅភូមិព្រះបាក់ក ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយបើករថយន្ត ម៉ាកSiENNA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AP.9249 ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស២នាក់ និងរួមដំណើរ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1T. 0356 ដោតធ្វើដំណើរ ពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក SiENNA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AP.9249 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាក្នុងស្ថានភាពជែងក៏បុកពេញទំហឹងតែម្ដង។

ក្រោយមក ត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងយកជនរងគ្រោះមកកាន់មន្ទីរពេទ្យតែមុខរបួសធ្ងន់ធ្ងរពេក បណ្តាលឲ្យស្លាប់នៅពេលបញ្ជួនដល់មន្ទីរពេទ្យបង្អែកជីភូ។

បច្ចុប្បន្នសាកសពសមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុ និងប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតព្រមទាំងវាស់វែង និងអូសយកវត្ថុតាងទាំងពីរគ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ក្រុងបាវិតចំពោះបើករថយន្តសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មូលហេតុដោយសារតែ:អ្នកបើកបរម៉ូតូបត់ឆ្វេង និងរថយន្តជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបបង្កករណីខាងលើនេះ៕ យឹម សុថាន


ចែករំលែក៖