ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ចំនួនៈ ១២៥នាក់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាននៃកងរាជអាវុធហត្ថខេត្ត ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលទទួលភារកិច្ចជាភ្នាក់សន្តិសុខ ត្រូវយកចិត្តទុកដាក់ និងយកអស់កម្លាំង ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍ទៅតាមច្បាប់ បទបញ្ជា នីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងជាពិសេសត្រូវគោរពតាមក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ៕ ស សម