ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះសង្ស័យពុលទឹកនៅស្រុកកែវសីមា៨៤នាក់បានធូរស្រាលត្រឡប់ទៅផ្ទះវិញហើយ រកឃើញថាជំងឺផ្តាសាយធំ និងតក់ស្លុតស្មារតី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ពលរដ្ឋ ប្រុស ស្រី ចំនួន៨៤នាក់ ដែលបានរងគ្រោះដោយពុលទឹកនៅភូមិចំនួន២ ក្នុងឃុំស្រែ ឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់តាំងថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ មានអការធម្មតាវិញហើយ និងបានត្រឡប់ ទៅលំនៅឋានវិញ ដែរនៅ ព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ។

ប្រភពពីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ថា តាមរយៈនៃការអង្កេតស្រាវជ្រាវដោយក្រុមកាងារឆ្លើយតបបន្ទាន់នោះ គឺអ្នកជំងឺមកពីភូមិខាងលើសំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្នួល ខេត្តក្រចេះមានចំនួន២៦ករណី (ស្រីមាន១០នាក់) ។

ករណី ដែលមកសំរាកព្យាបាលជាករណីសង្ស័យថា ជំងឺផ្តាសាយធំ និងបានធូរស្រាលហើយពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញដែរ។

បន្ទាប់ពីបានទទួលការព្យាបាល២ទៅ៣ម៉ោងរហូតមកដល់ម៉ោង០៥ល្ងាច ថ្ងៃទី១០ ឧសភា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បានចុះពិនិត្យ និងព្យាបាលជំងឺដល់ភូមិខាងលើចំនួន៥៨នាក់ (ស្រី៣០នាក់) ។

អ្នកជំងឺ ដែលបានមកពិនិត្យព្យាបាលសរុបចំនួន៨៤នាក់(ស្រី៤៧នាក់) មានតែ១១នាក់(ស្រី០៧នាក់)ទេ ដែលមានរោគសញ្ញាជំងឺផ្តាសាយធំ។

រីឯអ្នកជំងឺចំនួន៧៣នាក់ទៀតនោះដោយសារពួក គាត់មានអារម្មណ៍ខ្លាច និងព្រឹត្តិការណ៍នៅក្នុងខេត្តក្រចេះក៏កើតមានបែបជាជំងឺស្រ៊ឺតផង និងមានបញ្ហាសុខភាពផងដូចជាៈឈឺក្បាល រាគតិចតួច ឈឺពោះ ឬគ្រាន់តែវិលមុខឬទន់ ដៃទន់ជើងអស់កម្លាំងជាដើមហើយរោគសញ្ញា ដែលថាពុលទឹកនោះរកមឹនឃើញឡើយ។

ក្រសួងសុខាភិបាលបានណែនាំឱ្យមានវិធានការបង្ការកុំឲ្យឆ្លងជំងឺផងដែរគឺៈឱ្យអ្នក ដែលមានជំងឺផ្តាសាយត្រូវពាក់ម៉ាស់ឬក្រមាស្អាតនៅមាត់ និងឧស្សាហ៍លាងដៃ និងសាប៊ូ ដើម្បីជៀសវាងឆ្លងទៅសមាជិកក្នុងគ្រួសារ។

អ្នកជំងឺផ្តាសាយឬក្អកកណ្តាសត្រូវយកកន្សែងឬក្រមាខ្ទប់មាត់ហាមដាច់ខាត កុំក្អកដាក់បាតដៃ ដែលអាចឆ្លងទៅអ្នកដទៃបានតាមតយៈការចាប់ដៃជាដើម និងនៅឲ្យឆ្ងាយពីអ្នកជំងឺយ៉ាងតិចមួយម៉ែត្រត្រូវលាងដៃ និងសាប៊ូមុនឬក្រោយពេលហូបបាយ និងបន្ទោបង់។

លាងសម្អាតបន្លែផ្លែឈើមុនបរិភោគសម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។

ចម្អិនអាហារឲ្យបានឆ្អិនល្អសាច់សត្វស្លាប និងស៊ុតទុកដាក់ចំណីអាហារឆ្អិន និងឆៅឆ្ងាយដាច់ពីគ្នា ជាដើម។

ប្រសិនមានអការខុសប្លែកពីធម្មតាត្រូវស្វែងរកការព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះបំផុត។

ករណីផ្ទុះជំងឺ ដែលសង្ស័យថាពុលទឹកនេះ វិជ្ជបណ្ឌិតប៊ុន សួរ ប្រធានមន្ទីរសុខា ភិបាល ខេត្តមណ្ឌលគិរី និងក្រុមកាងារគ្រូពេទ្យបានបន្តនៅចាំតាមដានអការអ្នកជម្ងឺរហូតដល់ព្រឹកថ្ងៃ១១ឧសភានេះ។

លោកថាអ្នកជម្ងឺទាំងអស់៨៤នាក់បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញអស់ហើយដែរ ៕ ជីវ័ន្ត


ចែករំលែក៖