ខេត្តកំពង់ស្ពឺ៖ ឈើប្រភេទម្រេញប្រមាណ៤៧កំណាត់ត្រូវបានកម្លាំងចម្រុះ និងជំនាញរដ្ឋបាលព្រៃឈើចុះបង្ក្រាបរឹបអូសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើថ្ពង ខណៈដែលក្រុមឈ្មួញដឹកយកពីក្នុងព្រៃមកលាក់ទុកប្រុងយកទៅលក់បន្ត ។
ហេតុការណ៍ចុះបង្ក្រាបឈើដុលរបស់ក្រុមឈ្មួញ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃក្រោយភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់នគរបាលស្រុកថ្ពងបាននិយាយឲ្យដឹងថា កំលាំងនគរបាលស្រុកចំនួន7នាក់ ដឹកនាំដោយអនុសេនីយ៍ឯក ចិល ចន្ថន អធិការរងសហការជាមួយកងរាជអាវុធហត្ថ និងជំនាញរដ្ឋបាលព្រៃឈើបានចុះបង្ក្រាប់ការលួចស្តុកឈើខុសច្បាប់ នៅចំណុចខាងភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង ដោយរកឃើញឈើខុសច្បាប់ទុកលាក់ក្នុងព្រៃចំនួន៤៧ដុំ ប្រភេទឈើដុល(ម្រេញ) ម្ចាស់ឈើទី១-ឈ្មោះ គៀន ម៉ៅ ភេទប្រុសអាយុ៤១ឆ្នាំ និងទី2-ឈ្មោះ យ៉ាង រីនភេទប្រុស អាយុ៤២ឆ្នាំ ទាំង2នាក់នៅភូមិឃុំកើតហេតុខាងលើផងដែរ ។ នគរបាលបន្តថាបន្ទាប់ពីកម្លាំងចម្រុះចុះបង្ក្រាបរួចមកដកហូតបាន
ឈើទាំង៤៧ដុំ បានដឹកមកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់ ដែលមានស្នាក់ការនៅជិតសាលាស្រុកថ្ពង នៅវេលាម៉ោង២៤: និង៥០នាទីអាធ្រាត្រ ថ្ងៃដដែលនោះ ។ ចំណែកម្ចាស់ឈើ គ្រាន់តែស្គាល់ឈ្មោះប៉ុណ្ណោះ ប៉ុន្តែមិន ស្ថិតនៅកន្លែងកើតហេតុនេះទេ ហើយក៏មិនបានឃាត់ខ្លួននោះដែរ ។
បើតាមសម្តីរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបាននិយាយឲ្យដឹងថា ឈើទាំងអស់នេះគឺក្រុមឈ្មួញបានដឹកជញ្ជូនចេញមកពីតំបន់ជាំ ឆ្លងកាត់ទឹកដីគ្រប់គ្រងរបស់បរិស្ថាន ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានលោក ខន សុខខុន ជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះតែម្តង មិនតែប៉ុណ្ណោះ លោកនាយក ខន សុខខុន បានបញ្ជាកូនចៅឲ្យនៅអង្គុយចាំយកលុយពីពលរដ្ឋដឹកអុស ធ្យូង និងក្រុមឈ្មួញដឹកបទល្មើសខុសច្បាប់ជាថ្នូរ និងការមិនចាប់ឃាតគោយន្ត និងរថយន្តផ្សេងៗ ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថានជួយពិនិត្យមើលទង្វើរបស់លោកនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផង បើបណ្តែតបណ្តោយតទៅទៀតព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលច្បាស់ជារលាយហិនហោចជាក់ជាមិនខានឡើយ ៕ សេនា សក្តិ