ភ្នំពេញៈ រថភ្លើងបានបើកបុករថយន្តបែនដឹកដីបណ្ដាលឲ្យវេរបោកផ្ទប់រថយន្តម៉ាកនីស្សាន់ណាវ៉ារ៉ា១គ្រឿងរងការខូចខាតក្រពឹតទ្វារមុខខាងឆ្វេងយ៉ាងដំណំនិងជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបររថយន្តនេះឡើយ។
ហេតុការណ៍រថភ្លើងបានបើកបុករថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវដែកឆ្លងកាត់ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលប៉ុស្តិ៍សង្កាត់ចោមចៅ៣ បានឲ្យដឹងថា រថយន្តរងគ្រោះខាងលើនេះម៉ាកនីស្សាន់ NAVARAពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2U-1266 បើកបរដោយបុរសជនជាតិចិនម្នាក់មិនស្គាល់ឈ្មោះ។ចំណែករថយន្តបែនដឹកថ្មមិនស្គាល់ម៉ាករងការខូចខាតស្រាលនិងបានបើកគេចបាត់ស្រមោល រីឯរថភ្លើងក៏បានបើកបន្តដំណើរចូលភ្នំពេញបាត់ទៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តបែនដឹកដីបានឈប់នៅលើផ្លូវដែក ខណ:នោះរថភ្លើងបានបើកបរក្នុងទិសដៅពីត្បូងទៅជើងបានទៅដល់ល្មមហើយបានបុករថយន្តបែនដឹកដីចំកន្ទុយបណ្ដាលឲ្យវេរបោកផ្ទប់រថយន្តនីសាន់ណាវ៉ារ៉ា រងការខូចខាតក្រពឹតទ្វារមុខនិងជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយ។
ប្រភពដដែលបន្តថា បន្ទាប់មករថយន្តបែនដឹកដីបានបន្តដំណើរទៅបាត់ស្រមោល ចំណែករថភ្លើងក៏អត់ឈប់ទេគឺបានបន្តដំណើរចូលភ្នំពេញបាត់ដែរ។
ក្រោយពេលកើតហេតុជនជាតិចិនបានស្ទូចរថយន្តយកទៅជួសជុលឡើងវិញដោយខ្លួនឯងទាំងហួសចិត្ត ៕ សុខាសែនជ័យ