ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញឈើឈ្មោះ ឌី អុកឡុកតំបន់​ដែនជម្រក​សត្វភ្នំឱរ៉ាល់

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសព្រៃឈើ​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ខេត្តពោធិ៍សាត់​កំពុងត្រូវបានគ្រប់គ្រងផ្តាច់មុខដោយឈ្មួញម្នាក់ឈ្មោះ ឌី សហការជាមួយមន្ត្រីបរិស្ថានមានឥទ្ធិពលខ្លាំងលោកប្រាក់ អ៊ីឡេង ។ ឈើទាំងអស់នៅតំបន់ដែនជម្រកខាងលើនេះត្រូវបាននាំចេញ​តាម​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការ​ដ៏ស្អិតល្មួតរវាងឈ្មួញឈ្មោះ ឌី នឹងមន្ត្រីបរិស្ថានលោក ប្រាក់ អ៊ីឡេង ។ រថយន្តកែច្នៃនិងគោយន្ត កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើជាចំហរចេញពីតំបន់អភិរក្សមួយនេះ ក្រោមក្រសែភ្នែករបស់ពួកមន្ត្រីបរិស្ថាន ។

គេរាយការណ៍ថា ឈ្មោះ ឌី ដែលមានលំនៅឋាននៅតំបន់កន្ទួត ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាលេចមុខលេចមាត់ជាងគេក្នុងរបររកស៊ីឈើ ដឹកចេញពីតំបន់អភិរក្សដែលមានការសម្របសម្រួល ពីលោកប្រាក់ អ៊ីឡេង ។ លោកប្រាក់ អ៊ីឡេង ជាប្រធានបង្ក្រាបពិសេស​​នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។ លោកធ្លាប់ត្រូវបានថ្នាក់លើដកបញ្ឈរជើងម្តងរួចមកហើយ ប៉ុន្តែដោយមានកិច្ចអន្តរាគមន៍ និងសម្របសម្រួលពីលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោកប្រាក់ អ៊ីឡេង បានត្រឡប់មកកាន់សេដ្ឋកិច្ច(យកលុយពីរថយន្តដឹកឈើ) ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីផ្គត់ផ្គង់លោក ប៉ាន់ មរកត ។ ក្រុមមន្ត្រី​ដែលដឹងអំពីការ​កាប់បំផ្លាញព្រៃឈើនៅ​តំបន់ភ្នំឱរ៉ាល់និយាយថា ពិបាកជឿណាស់ដែរថ្នាក់ដឹកនាំក្រសួងបរិស្ថានមិនដឹងអំពីបញ្ហាបទល្មើសនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះ ។

លោកប្រាក់ អ៊ីឡេង នៅតែជាជនដែលនាំមុខឈរជើងយ៉ាងរឹងមាំយកប្រាក់ពីឈ្មួញឈ្មោះ ឌី ។ ពួកមន្ត្រីបរិស្ថានបានឈរជើងនៅតំបន់អំពិល ដើម្បីចាំយកប្រាក់ពីគោយន្ត ឬរថយន្តដឹកឈើផ្សេងៗ ។ បច្ចុប្បន្នគោយន្ត ដឹកឈើកំពុងពេញនិយម ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ គេរាយការណ៍ថា គោយន្តមួយគ្រឿង​យ៉ាងតិចបំផុតត្រូវបង់២០ម៉ឺនរៀលឲ្យលោកប្រាក់ អ៊ីឡេង ។ គោយន្តដែលអាចផ្ទុកឈើបានច្រើន ក៏តម្រូវឲ្យបង់ប្រាក់ច្រើនជាងនេះដែរ ។ និយាយរួមទៅបទលើ្មសព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់ នៅតែត្រូវគេរាយការណ៍ថា បាននិងកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងជាធម្មតា ។ គេមិនដឹងថា តើក្រសួងបរិស្ថាន​បានដឹងឬមិនដឹងនោះទេ? ប៉ុន្តែបើឆ្លើយថាមិនដឹង ឬមិនមានបទល្មើសគឺគ្មាននរណាជឿនោះឡើយ ៕


ចែករំលែក៖