ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេច ពេលជិះបានបន្តិចទំនងជាអស់សាំង បណ្តើរតាមផ្លូវពេលគេសួរនាំភ័យស្លន់ស្លោរត់ចោលម៉ូតូ ហើយបានប្រជាពលរដ្ឋដេញចាប់វាយមួយដៃ មួយជើងទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ។
ករណីយជនសង្ស័យលួចម៉ូតូប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលាម៉ោង០៦និង ៣៥នាទី ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុងភូមិខ្មែរលើថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះព្រឿង សុខារីដេត បានជិះម៉ូតូមកពីដើរលេងរួចដាក់ម៉ូតូនៅមុខផ្ទះ ដោយមិនបានចាក់សោកត្រឹមត្រូវ ហើយក៏បានដើរលេងជាមួយមិត្តភក្កិបាត់ ។ លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ លី ចំរើន និងបក្ខពួកឈ្មោះ ហេង ភេទប្រុស ជាអ្នកបើកម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៏ឃើញម៉ូតូជនរងគ្រោះនៅមុខផ្ទះបន្ទាប់មកជនសង្ស័យឈ្មោះ លី ចំរើន បានធ្វើសកម្មភាពលួចម៉ូតូហើយជិះគេចខ្លួន ពេលនោះស្រាប់តែម៉ូតូជនរងគ្រោះបានរលត់ (ទំនងអស់សាំង) បន្ទាប់មកប្រជាពលដ្ឋក៏បាននាំគ្នាសួរជនសង្ស័យ ព្រោះតែមានការភិតភ័យ ក៏បានរត់ចោលម៉ូតូហើយប្រជាពលរដ្ឋក៏រត់ដេញតាមចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ច។
សាក្សីបន្តថា ជនសង្ស័ឈ្មោះ លី ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ភេទប្រុស បានរត់គេចខ្លួនបាត់ ។
ជនរងគ្រោះមានឈ្មោះ ព្រឿង សុខារីដេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករមានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ភូមិខ្មែរលើថ្មីសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ម៉ូតូដែលជនសង្ស័យលួចយកមានម៉ាកម៉ាក់ស៊ុយស៊ូគីនិចព៌ណផ្កាឈូកសេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១DL.០២០៣។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យត្រូវបានក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្តតាមច្បាប់៕ ធឿនព្រែកជ័យ