ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុករថយន្តដឹកកងកម្លាំងកំពុងល្បាតបណ្ដាលឲ្យស្លាប់ម្នាក់ធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលដោយសារគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់ដោយជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុក រថយន្តល្បាតរបស់សមត្ថកិច្ចនគរបាលបញ្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលកាលពី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៦០ លេខ១៦១ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសត្ថកិច្ចនគរបាលមូលដ្ឋាន ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះ អ៊ាន ភារម្យ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅភូមិត្រពាំងលាចឃុំព្រះពន្លា ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង និងអ្នករួមដំណើរមានឈ្មោះ នន់ ចន្ទី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ត្រូវជាប្អូនថ្លៃដោយជិះម៉ូតូ ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G.6852 ខូចខាតយ៉ាងដំណំ ។

បើតាមសមត្ថកិច្ចនគរបាលបានបន្តទៀតថា មុនកើតហេតុមានរថយន្ត១គ្រឿងម៉ាកតាកូម៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ នគរបាល2.0409 បើកបរដោយមន្ត្រីនគរបាល និងកងកម្លាំងចេញល្បាតចល័តនៅតាមដងផ្លូវពីលិចកើតលុះបើកមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1G. 6852បើកបរដោយបុរស២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងយកភាគីរងរបួសមកកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ក៏ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយើងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯវត្ថុតាំងទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត ។

មូលហេតុ អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕ យឹម សុថាន


ចែករំលែក៖