ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាយកដំបង ឫស្សីវាយអំពូលភ្លើងពេលឪពុកចេញមកមើលវាយឪពុកខ្លួនឯងមួយដំបងបែកក្បាលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ កូនរមិលគុណម្នាក់ផឹកស្រាស្រវឹងបែកគំនិតយកដំបងឫស្សីវាយអំពូលភ្លើងបែកខ្ទេចខ្ទី ពេលឪពុកចេញមកមើលក៏វាយឪពុកខ្លួនឯងមួយដំបងឫស្សីបន្ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាល ។ ករណីហិង្សាវាយទៅលើឪពុកខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ត្រឹក គិន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា (របួសធ្ងន់បែកក្បាល) រីឯជនសង្ស័យឈ្មោះ គិន សុគន្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ជនរងគ្រោះ និងជនសង្ស័យត្រូវជាឪពុក និងកូន មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ គិន សុគន្ធ (ត្រូវជាកូនជនរងគ្រោះ) បានចេញទៅខាងក្រៅផឹកស្រារហូតស្រវឹង រួចត្រឡប់មកផ្ទះរបស់ខ្លួនវិញ ហើយរកកូនរបស់ខ្លួនឈ្មោះ សុគន្ធ ម៉េងហុង អាយុ៦ឆ្នាំ តែរកមិនឃើញ ក៏ដើរមកសួរប្រពន្ធឈ្មោះយ៉ា សារ៉ាន់ ដែលកំពុងនៅផ្ទះជនរងគ្រោះឈ្មោះ ត្រឹក គិន (ត្រូវជាឪពុក) ភ្លាមនោះស្រ្ដីជាប្រពន្ធឈ្មោះ យ៉ា សារ៉ាន់ ឆ្លើយថា កូនទៅជាមួយយាយបាត់ហើយ! ។ ខណៈនោះជនសង្ស័យខឹងខ្លាំងណាស់ ក៏យកដំបង ឫស្សីមកវាយអំពូលភ្លើងបំភ្លឺនៅខាងក្រោមផ្ទះជនរងគ្រោះ ឃើញដូច្នោះ ជនរងគ្រោះជាឪពុកក៏ដើរមកមើល តើមានរឿងអ្វីកើតឡើង? ជនសង្ស័យឃើញឪពុកខ្លួនចេញមកមើល ភ្លាមនោះក៏យកដំបង ឫស្សីទៅវាយឪពុករបស់ខ្លួនចំក្បាល បណ្ដាលឲ្យជនរងគ្រោះទទួលរងរបួសបែកក្បាលហូរឈាមដួលសន្លប់តែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់ តែដោយសារជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យឯកជនក្រុងតាខ្មៅ តែដោយគ្រួសារខ្វះលទ្ធភាពក្នុងការព្យាលបាលក៏បញ្ជូនជនរងគ្រោះត្រឡប់មកព្យាលបាលនៅផ្ទះវិញ ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖