ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់អាវុធខុសច្បាប់ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួន និងរកឃើញគ្រឿងញៀនមួយចំនួន

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីសមត្ថកិច្ចឃាត់រថយន្ដមួយគ្រឿងដែលជនសង្ស័យបើកបានរកឃើញថ្នាំញៀនចំនួន១កញ្ចប់ និងអាវុធខ្លី១ដើមផងដែរ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ហួត មឿន ហៅប៉ាវ ហៅម៉ន អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់ម៉ូតូ មានទីលំនៅបច្ចុប្បន្ន នៅភូមិចំរើនផល ឃុំពោធិ៍ម្រាម ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ ធឿស សំអាង អាយុ២៨ឆ្នាំ ជាជាងឡាន មានទីលំនៅភូមិអង្គមេត្រី ឃុំស្រលាំងគ្រើល ខេត្តកំពង់ស្ពឺ ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ ថ្នាំញៀន១កញ្ចប់ ស្មើ និង១ជី អាវុធខ្លីធន់K.៥៩មួយដើម ,បង់១ មានគ្រាប់ចំនួន៤គ្រាប់ ,ស្រោមអាវុធខ្លី៤ និងថង់វេចខ្ចប់ថ្នាំញៀន ដែកកេះ ជាច្រើននៅកាបូបស្ពាយ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុខាងលើ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញចរាចរណ៍ស្រុក សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះរៀបចំសណ្ដាប់ធ្នាប់តាមគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ស្រាប់តែបានប្រទះរថយន្តឡិចសស៊ីស៣០០មួយគ្រឿង ពណ៌.ស គ្មានស្លាកលេខ ភ្លាមនោះកម្លាំងជំនាញក៏ឃាត់ និងត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន និងអាវុធខ្លីមួយដើម និងវត្ថុតាងជាច្រើនផ្សេងទៀត ឈានដល់ចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហួន មឿន បានសារភាពថា ថាំញៀននេះ ខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះនៅភ្នំពេញ ទិញម្តងៗចំនួនពី៤០០ទៅ៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅលក់បន្ត ។ ចំណែកអាវុធខ្លី១ដើមខាងលើនេះ គឺមានជនម្នាក់ ភេទប្រុស នៅតាខ្មៅ ជាអ្នកឱ្យប្រើ ៕ ស្អាងជ័យ

 


ចែករំលែក៖