ខេត្តកណ្ដាលៈ យុវជនម្នាក់ទៅលេងផ្ទះបងប្អូនជីដូនមួយ និងបានទិញស្រាបៀយកទៅផឹក រហូតស្រវឹងស្រឿងៗនាំគ្នាទៅមុជទឹកទន្លេរ ដោយមិនប្រយ័ត្នបណ្ដាលឲ្យលង់ស្លាប់តែងម្ដង ។ ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចទន្លេមេគង្គ ស្ថិតក្នុងភូមិពុក ឫស្សីកណ្ដាល ឃុំពុក ឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ ព្រំ ភក្ដី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នស្នាក់នៅភូមិក្រាំដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក ជនរងគ្រោះ និងមិត្តភក្ដ័ជាច្រើននាក់ បាននាំគ្នាមកលេងផ្ទះជីដូនរបស់ឈ្មោះ ហេង គឹមសាន នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ខណៈមកដល់ជនរងគ្រោះ និងមិត្តភក្ដិបាននាំគ្នាទិញស្រាបៀរមកផឹកនៅផ្ទះឈ្មោះ ស៊ឹម ង៉ោ ជាជីដូនរបស់ឈ្មោះ ហេង គឹមសាន រហូតដល់វេលាម៉ោងប្រមាណ១៤ ជនរងគ្រោះ និងមិត្តភក្ដ័ទាំងអស់គ្នាក៏បាននាំគ្នាមុជទឹកទន្លេមេគង្គ ក្រោយវត្តឥន្ទលីបូរណ៍ ខណៈទៅដល់មាត់ទន្លេរជាកន្លែងកើតហេតុ ជនរងគ្រោះបានលោតចុះទៅក្នុងទឹកមុនគេចំកន្លែងទឹកជ្រៅបណ្ដាលឲ្យជនរងគ្រោះលង់ ឃើញដូចនោះមិត្តភក្ដិទាំងអស់គ្នាបានលោតចុះទៅជួយ តែជួយមិនទាន់ ក៏ស្រែកផ្អើលឆោឡោហៅអ្នកស្រុកជិតខាងឲ្យជួយមុជរាវរក រហូតបានរកឃើញសាកសព រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី និងសហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យស្រុក ក្រុមប្រឹក្សាឃុំ ,មេភូមិ ,គ្រូពេទ្យ និងក្រុមគ្រសារសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ