ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានជីកដីធ្វើស្រះទឹកនឹងគ្រឿងចក្រ ស្រាប់តែប៉ះចំដើមគគីរយក្សមួយដើមមាន ប្រវែងជិត៣០ម៉ែត្រ មុខកាត់ទំហំប៉ុនកង់រទេះកប់ក្នុងដីជម្រៅជាង៤ម៉ែត្រខ្មៅរលោងត្រង់ភ្លឹង បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃ សុក្រ ១២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី១៣ ឧសភា នៅក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខណៈមាន ។
ម្ចាស់ដីបានឲ្យដឹងថា គាត់បានជួលគ្រឿងចក្រមួយគ្រឿងដើម្បីជីកដីធ្វើស្រះទឹក ស្រាប់តែប៉ះចំវត្ថុរឹងខុសធម្មតា ។ លុះគ្រឿងចក្រកាយដល់ជម្រៅជាង៤ម៉ែត្រ ទើបដឹងច្បាស់ថា វត្ថុរឹងនេះ គឺជាដើមឈើគគីរដ៏ធំមួយដើម មានប្រវែង ជិត៣០ម៉ែត្រ ទំហំប៉ុនកង់រទេះ បន្សល់ទុកក្រោមដីយូរឆ្នាំ មកហើយ ។
បើតាមអ្នកស្រុកនៅក្នុងភូមិជាពិសេស ចាស់ៗដែលមានវ័យជិតមួយសតវត្សមកហើយនោះបានប៉ាន់ប្រមាណថា ដើមគគីរដែលជីកឃើញនេះ មានអាយុមិនក្រោម១.០០០ឆ្នាំឡើយ ។ ឈើគគីរយក្សមួយដើមនេះប្រហែលជា អាចត្រូវទឹកជំនន់ហូរនាំមកទើរនៅក្នុងតំបន់ឃុំវិហារសួគ៌នេះរាប់រយ ពាន់ឆ្នាំមកហើយ លុះយូរៗទៅក៏កប់ក្នុងដីកាន់តែជ្រៅទៅៗ ដោយគ្មានអ្នកណាដឹងអស់ជាច្រើនសតវត្សមកហើយ ។ បានជាអ្នកភូមិនិយាយដូច្នេះ ព្រោះនៅទីនេះជិតផ្ទះប្រជាពលរដ្ឋ តែមិនដែលបានដឹងថា មានដើមគគីរដ៏ធំកប់ក្នុងដីទេ ហើយតំបន់នេះក៏មិនដែលមានដើមគគីរដុះដែរ ។
យ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានក្រុមជំនាញណាមួយមកត្រួតពិនិត្យដើមគគីរនេះ ដើម្បីវាយតម្លៃពីអាយុកាល និងមានប្រភពមកពីតំបន់ណានៅឡើយទេ ។
គេបានដឹងថា វិហារសួគ៌គឺជាតំបន់ប្រវត្តិសាស្ត្រមួយ និងចាត់ទុកថា ជាតំបន់ដ៏ពិសិដ្ឋមួយសម្រាប់អ្នកគោរពបូជាទៅតាមជំនឿ ព្រមទាំងជាទីសក្ការបូជាបែបព្រះពុទ្ធសាសនាផងដែរ ដោយនៅទីនោះមានប្រាសាទបក្សីចាំក្រុង បង្កប់នូវអបិយជំនឿយ៉ាងច្រើន តាំងពីបុរាណកាលមក ៕ សហការី