ព័ត៌មានទាន់ហេតុការណ៍៖

ការងារស្របច្បាប់មិនព្រមរកធ្វើ បែរជាមកប្រកបរបរលួចកាច់សោកម៉ូតូ គេចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់មិនព្រមរកការងារស្របច្បាប់ធ្វើបែរជាមកប្រកបរបរលួចកាច់សោកម៉ូតូអ្នកដទៃមានអីដល់ពេលម្ចាស់គេតាមទាន់ចាប់បានវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។ ករណីនេះបានកើតឡើងកាលពីថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក នៅចំណុចមុខផ្ទះល្វែងផ្លូវបេតុងក្រុម៣ភូមិអគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ហ៊ុន ចៅ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតខេត្តបាត់ដំបង។ចំណែកជនរងគ្រោះមានឈ្មោះ ចច បុល ភេទប្រុសអាយុ២៦ឆ្នាំមុខរបរផ្នែកទីផ្សារស្នាក់នៅបន្ទប់ជួលសង្កាត់អូបែកក្អមនិងមានស្រុកកំណើតភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៥ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1FD0655ចេញពីក្រុមហ៊ុនមកឈប់នៅផ្ទះល្វែងចំណុចកើតហេតុដោយចាក់សោកម៉ូតូត្រឹមត្រូវហើយក៍ដើចូលទៅក្នុងផ្ទះដើម្បីទំនាក់ទំនងលក់ផលិតផលពេលឈនិយាយបានបន្តិចស្រាប់តែមានជនសង្ស័យខាងលើបានដើមកធ្វើសកម្មភាពយកដែកកែច្នៃទៅចាក់បំបែកគ្រាប់សោកម៉ូតូហើយបញ្ឆេះជិះគេចខ្លួនប៉ុន្តែក៍ត្រូវយុវជនម្នាក់នៅក្បែនោះឃើញទាន់ស្រែកឆោឡោថាចោរៗពេលនោះជនរងគ្រោះក៍រត់ចេញមកហក់ទៅចាប់អោបក៍ជនសង្ស័យជាប់ធ្វើឲ្យជនសង្ស័យរត់មិនរួច។ប្រភពដដែលបន្តទៀតថាក្រោយមកប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖