ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដោយផ្ទាល់ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ ជូនក្បួនរថយន្តសម្តេចតេជោឆ្លងកាត់មូលដ្ឋានខណ្ឌដូនពេញ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ផ្លូវភ្លោះព្រះអង្គឌួង និង មហាវិថីសហព្ធ័រុស្ស៊ី ក្នុង នោះលោកអភិបាល បានឲ្យ កម្លាំងប្រជាការពារខណ្ឌ យកម៉ូតូដឹកសំរាមរបស់រដ្ឋបាលខណ្ឌចំនួន០៤គ្រឿង ជិះប្រមូលសំរាមដែលនៅសេសសល់តាមចញ្ចើមផ្លូវ និង ផ្លូវសំខាន់ៗ ឃេីញថាបានស្អាត១០០% ។ បន្ទាប់មក លោក អភិបាល បានបញ្ជារឲ្យ កម្លាំងប្រជាការពារខណ្ឌ បន្តចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ ក្នុងមូលដ្ឋានបន្ថែមទៀតជាពិសេស នៅជុំវិញ ព្រះបរមរាជវាំង ដេីម្បីអបអរសាទរ ព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
លុះនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវភ្លោះព្រះអង្គឌួង និង ជាប់របងមន្ទីរពេទ្យអង្គឌួង ក្នុងនោះជាគោលការណ៍របស់រដ្ឋបាលខណ្ឌ គឺមិនអនុញ្ញាតឲ្យ មានកាចតរថយន្តនៅលើជញ្ជេីមផ្លូវនេះទៀតទេ ព្រោះជាផ្លូវដែលគណៈប្រតិភូ ជាតិ អន្តរជាតិ ឆ្លងកាត់ ។
គួរបញ្ជាក់ផងដែរថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង០៧:០០នាទីព្រឹក ដល់ម៉ោង២២:០០នាទីយប់ ។
ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន១២ គ្រឿងរួមមាន៖ ១- ម៉ូតូចំនួន០៩ គ្រឿង ; ២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០២ គ្រឿង ; ៣- រថយន្ត ០១ គ្រឿង។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ ស តារា