បទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ហាក់ដូចជាបើកយុទ្ធនាការចុងក្រោយក្នុងការបំផ្លាញព្រៃឈើដែលនៅសេសសល់តិចតួច ។ ក្រសួងបរិស្ថានហាក់ដូចបាននិងកំពុងសប្បាយអរជាមួយដំណើរទៅរកមហន្តរាយនៃព្រៃឈើតំបន់ការពារមួយនេះ ។ ពួកមន្ត្រីបរិស្ថាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាអ្នកកសាងវិនាសកម្មដោយផ្ទាល់នៅគ្រាដែលខ្លួនមានភារកិច្ចការពារព្រៃឈើទាំងនោះ ។ មន្ត្រីបរិស្ថានប្រចាំតំបន់ឈ្មោះប្រាក់ អ៊ីឡេង នៅតែជាជនបង្គោលទី១ ក្នុងការកសាងបទល្មើសដោយឃុបឃិតជាមួយពួកឈ្មួញ ។
ប្រភពបានឲ្យដឹងថា ឈើដែលនៅសេសសល់ជាពិសេសប្រភេទឈើរាជកុលកំពុងត្រូវបានដឹកជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ពួកគេដឹកឈើចេញតាមច្រកអូរត្រាវ និងអន្លង់អង្គុញ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានព្រំប្រទល់ជាប់ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។ ពួកគេដឹកឈើគ្រប់ប្រភេទតាមច្រកអូរត្រាវ កាត់តាមស្ពានដែក ឆ្លងក្រុមហ៊ុន HLH និងបន្តឆ្ពោះទៅខេត្តកំពង់ស្ពឺ ។ មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ លោក ប្រាក់ អ៊ីឡេង ប្រធានប្រតិបត្តិការពិសេសប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជាអ្នកដើររាប់គោយន្តរបស់ឈ្មួញដែលត្រូវដឹកចេញដើម្បីយកប្រាក់ ។ ក្នុងមួយគោយន្តកន្ត្រៃត្រូវបង់៤០ម៉ឺនរៀល ពេលដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ។ នៅពេលឆ្លងចូលដល់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ម្ចាស់ឈើត្រូវបង់ឲ្យលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺមួយជាន់ទៀត ។
ប្រភពរាយការណ៍ថា មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ប្រចាំស្នាក់ការរងអូរត្រាវ ក្រោមអំណាចរបស់លោកប្រាក់ អ៊ីឡេង បង្កើតស្នាក់ការដើម្បីប្រមូលលុយពីបទល្មើសព្រៃឈើដែលដឹកឆ្លងកាត់តំបន់របស់ខ្លួនគ្រប់គ្រង ។ ឈ្មួញតែម្នាក់គត់ ឈ្មោះ ណុប ឌី ម៉ៅផ្តាច់ក្នុងការកសាងបទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃទាំងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ។ ឈើដែលបានធ្វើសកម្មភាពដឹកចេញភាគច្រើនជាឈើរាជកុល (ម្រិញ) យកមកលាក់ទុកនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ គ្មានឈើដែលដឹកតាមរថយន្តកែច្នៃណាមួយ អាចគេចផុតពីកណ្តាប់ដៃមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ក្រោមអំណាចគ្រប់គ្រងណែនដៃរបស់លោកប្រាក់ អ៊ីឡេង នោះបានឡើយ ។ លោកប្រាក់ អ៊ីឡេង ត្រូវគេអះអាងថា ជាអ្នកប្រមូលសេដ្ឋកិច្ចយ៉ាងធំសម្រាប់លោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ៕