ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីក្រសួងមហាផ្ទៃបានដាក់វិធានការដល់មន្ត្រីជំនាញត្រូវចាត់វិធានការចំពោះផលិតផលក្លែងក្លាយក្នុងស្រុកនិងនាំចូលពីប្រទេសជិតខាង។ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាការងារបន្ទាន់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍រាយការណ៍ថា ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចចំនួន៣កន្លែង មានច្រកអន្តរជាតិ១កន្លែង និងច្រកតំបន់ព្រំដែន២កន្លែង ដែលជាច្រកដោះដូរទំនិញរវាងកម្ពុជា-ថៃ។ ហើយរយៈពេលកន្លែងមកមន្ត្រីជំនាញបានយកចិត្តទុកដាក់អនុវត្តន៍ការងារបានល្អប្រសើរដូចជាបង្កាប់បទល្មើសទំនិញគេចពន្ធនិងទំនិញខូចគុណភាពនិងផលិតផលក្លែងក្លាយត្រូវបានចាត់ការតាមច្បាប់។
លោក សុខ សារេត អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សាការងារបន្ទាន់ពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយខុសច្បាប់នៅខេត្តបន្ទាយមានជ័យ ដើម្បីឱ្យគណៈកម្មាធិការបន្តផ្សព្វផ្សាយអប់រំបង្កាទប់ស្កាត់និងបង្ក្រាបបទល្មើសបទផលិតផលក្លែងក្លាយខុសច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់។
លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានមានប្រសាសន៍ថាមួយរយៈនេះមានព័ត៌មាននៅប្រទេសជិតខាងពាក់ព័ន្ធផលិតក្លែងក្លាយដែលជាព្រួយបារម្ភចំពោះហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គម ហើយមន្ត្រីនិងសមត្ថកិច្ចជំនាញត្រូវមានវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសផលិតក្លែងក្លាយនិងខុសច្បាប់។
លោកបានបញ្ជាក់ថាគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានកំពុងបើកប្រតិបត្តិការបង្ក្រាបផលិតក្លែងក្លាយនិងខុសច្បាប់ទូទាំងប្រទសដែលរួមមានផលិតខូចគុណភាពផលិតផលបន្លំគុណភាព ផលិតផលវេចខ្ចប់ ឬស្តប់ទុកមិនត្រិមត្រូវតាមស្តង់ដាបច្ចេកទេស និងផលិតផលហួសសុពលភាព នៃការប្រើប្រាស់ និងនាំចូលគ្មានការអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច និងកំពុងបន្លំលក់និងចរាចរលើទីផ្សាកម្ពុជាដែលផលិតទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពសង្គម ៕