ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោឡើង ដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនិងម្ចាស់ម៉ូតូនាំគ្នាជួយពន្លត់ ប៉ុន្តែយឺតពេលទៅហើយ ខណៈដែលចូលទៅចាក់សាំងក្នុងការ៉ាស់មួយកន្លែង មិនដឹងយ៉ាងម៉េច ស្រាប់តែភ្លើងឆេះចេញពីធុងសាំងម៉ូតូយ៉ាងសន្ធោរសន្ធៅបណ្ដាលឲ្យឆេះម៉ត់ សល់តែគ្រោងឆ្អឹង សំណាងមិនមានអ្នករងរបួស ឬស្ថានីយប្រេងនៅក្បែរនោះពុំរងការឆាបឆេះ ។
ហេតុការណ៍នេះបានកើតឡើហកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខការ៉ាស់សាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសម្ដីម្ចាស់ស្ថានីយការ៉ាស់សាំងបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីច មិនចាំស្លាកលេខមកឈប់ចូលចាក់សាំងនៅការ៉ាស់របស់គាត់ ដោយប្រាប់ឲ្យចាក់មួយពេញ ព្រោះគាត់មានបំណងទៅលេងផ្ទះនៅស្រុកកោះធំ ខេត្តកណ្តាល ឯណោះ។
ប្រភពបន្តថា ប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់នោះ គឺម្ចាស់ម៉ូតូឃ្លីចនេះបានបញ្ឆេះម៉ូតូឡើង ស្រាប់តែបង្កឲ្យមានអណ្ដាតភ្លើងឆេះចេញពីខាងក្រោមកែបធុងសាំងធ្វើឲ្យម្ចាស់ម៉ូតូភ័យស្លន់ស្លោរ ឡើងមិនដឹងធ្វើយ៉ាងម៉េច ស្រែកហៅឲ្យគេជួយពន្លត់ និងរត់ចេញទៅឆ្ងាយពីម៉ូតូរបស់ខ្លួន ប៉ុន្តែដោយឃើញសភាពការណ៍មិនស្រួលនៅពេលនោះ គាត់ជាម្ចាស់ការរ៉ាស់សាំងឃើញក៏បានរត់ទៅរុញច្រានម៉ូតូទាំងឆាបឆេះចេញឲ្យឆ្ងាយបន្តិច ព្រោះខ្លាចឆ្លងឆេះរាលដាលដល់ការរ៉ាស់សាំងរបស់គាត់ ទៅជិតថ្នល់ជាតិ និងនាំគ្នាជួយពន្លត់ ប៉ុន្តែអកុសលម៉ូតូត្រូវបានភ្លើងឆេះម៉ដ្ឋសល់តែឆ្អឹងបាត់ទៅហើយ។
សូមបញ្ជាក់ថា ករណីរខាងលើនេះគឺមិបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ខណៈម្ចាស់ម៉ូតូបានត្រឹមឈរគ្រវីក្បាលហួសចិត្ត សោកស្ដាយមើលម៉ូតូរបស់ខ្លួននៅសល់តែគ្រោងឆ្អឹងមិនតែប៉ុណ្ណោះមិនទាន់បានទៅលេងស្រុកនៅខេត្តកណ្ដាលផងស្រាប់តែជួបរឿងនឹកស្មានមិនដល់បែបនេះសោះ ៕ យឹម សុថាន