ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកែច្នៃផ្ទុកមនុស្ស៣នាក់ រេចង្កូតបុកបង្គោលថ្ម ស្លាប់១របួសធ្ងន់១ និងម្នាក់ទៀតលោតចុះទាន់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មនុស្ស២នាក់បានស្លាប់ និងរបួស ដោយសារបើកគោយន្តកន្ត្រៃបុកបង្គោលថ្មបណ្តាលឲ្យក្រឡាប់គ្រោះថ្នាក់ខ្លួនឯង កាលព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចអូរត្មាតពួង តាមបណ្តោយផ្លូវជាតិលេខ៦៤ នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ។

នាយរងប៉ុស្តិ៍ស្រយង់ លោក មាស សុខា បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១-ឈ្មោះភាសក ភេទប្រុស អាយុ៣១ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ រស់នៅភូមិស្វាយលើឃុំជប់ លើ ស្រុកស្វាយលើ ខេត្តសៀមរាប , ២-ឈ្មោះសុន តុប ភេទប្រុស អាយុ២៥ឆ្នាំរងរបួស ធ្ងន់ ជាអ្នកបើកគោយន្តកែច្នៃ រស់នៅភូមិ-ឃុំជាមួយអ្នកស្លាប់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្ងៃកើតហេតុ គេឃើញគោយន្តកន្ត្រៃ១គ្រឿង ជិះគ្នា៣នាក់ បើកពីទិសខាងកើតឆ្ពោះមកលិច ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុឮសំឡែងប្រាវ ដោយសារបើករេចង្កូតបុកបង្គោលថ្មក្រលាប់ផ្ងារជើង ។ ក្រោយកើតហេតុ មានមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងម្នាក់ទៀតលោតចុះទាន់ ។

បច្ចុប្បន្ន សពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ


ចែករំលែក៖