ព័ត៌មានទាន់ហេតុការណ៍៖

ប៉ះសម្តីជាមួយអាជីវករពេលកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាបនៅផ្សារគគីរ

ចែករំលែក៖

ខេត្តកណ្តាលៈ បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ បានចេញសេចក្តីជូនដំណឹង និងប្រើប្រាសឧឃោសនស័ព្ទផ្សព្វផ្សាយឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ តំបន់ផ្សារគគីរ បញ្ឈប់ការដាក់តាំងលក់ទំនិញសព្វសារពើនៅលើចិញ្ចើមផ្លូវជាតិរួចមក មួយរយៈកន្លងទៅនេះអាជ្ញាធរស្រុកពិនិត្យឃើញថា មានអាជីវករមួយចំនួនអនុវត្តតាមការណែនាំ និងមួយចំនួនទៀតនៅតែរំលោភបំពានយកចិញ្ចើមផ្លូវជាតិដាក់តាំងលក់ទំនិញធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈដដែល ។

ផ្តើមចេញពីការបំពានលើសេចក្តីជូនដំណឹងរបស់គណៈបញ្ជាការឯកភាពនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងចម្រុះរបស់ស្រុកកៀនស្វាយដឹកនាំដោយលោកពៅ គឹមលី អភិបាលរងស្រុកបានប្រើប្រាស់វិធានការរដ្ឋបាលដោយចាប់យករបស់របរ ជាច្រើនប្រភេទ ដែលអ្នកលក់ដូរដាក់លើចិញ្ចើមផ្លូវសាធារណៈ ។ យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ថ្មីនេះបានធ្វើឲ្យអាជីវករដែលយកចិញ្ចើមផ្លូវដាក់ទំនិញលក់មានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ប្រើពាក្យសម្តីមិនសមរម្យដាក់មកលើគណៈបញ្ជាការឯកភាព ។ ទោះជាយ៉ាងណាក៍ដោយ កម្លាំងចម្រុះនៅតែបន្តអនុវត្តវិធានការក្តៅដដែលគឺចាប់យករបស់របរ និងសម្ភារៈទាំងឡាយណារដែលដាក់នៅលើចិញ្ចើមផ្លូវ ដើម្បីជាការព្រមានឲ្យអ្នករំលោភយកចិញ្ចើមផ្លូវទាំងអស់រាងចាល ។

លោកពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយដែលដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បានឲ្យដឹងថា គណៈបញ្ជាការឯកភាពស្រុកមិនចង់ប្រើប្រាស់វិធានការក្តៅនោះទេ តែដោយសារអ្នកលក់ដូរមួយចំនួនគាត់មិនព្រមចូលរួមអនុវត្តតាមគោលការណ៍ណែនាំ ទើបលោកអភិបាលស្រុកណែនាំឲ្យលោកដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារគគីរ ។ កន្លងមកគណៈបញ្ជាការឯកភាពបានចេញសេចក្តីជូនដំណឹងយកទៅចែកជូនដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវ និងបានធ្វើការប្រកាសក្តែងៗតាមឧឃោសនស័ព្ទដើម្បីឲ្យពួកគាត់បានជ្រាបច្បាស់ពីបញ្ហាសណ្តាបធ្នាប់សាធារណៈ មួយផ្នែកទៀតការពារជីវិតរបស់បងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិព្រោះប្រឈម និងហានិភ័យនៃគ្រោះថ្នាក់ចរាចរខ្លាំងណាស់ ។ ការចុះរៀបចំសណ្តាប់នៅតំបន់ទីប្រជុំជនផ្សារគគីរនេះ គណៈបញ្ជាការឯកភាពបានចុះរៀបចំ៤_៥ដងហើយ តែអ្នកចូលរួមអនុវត្តមានតិចតួចណាស់ ចំណែកអ្នកលក់ដូរខ្លះទៀតពេលកម្លាំងចម្រុះដកចេញស្រប់តែយកទំនិញមកដាក់លក់លើផ្លូវសាធារណៈដដែល ។

លោកអភិបាលរងបានបន្តថា ផ្តើមចេញពីទង្វើររបស់អ្នកលក់ដូរដូចវែកចកនេះបានធ្វើឲ្យគណៈបញ្ជាការឯកភាពត្រូវតែប្រើវិធានការក្តៅចុះចាប់សម្ភារៈ របស់របរ ជាច្រើនប្រភេទ យកមករក្សាទុកនៅសាលាស្រុករយៈ២_៣ថ្ងៃ ដោយមិនធ្វើការផាកពិន័យនោះឡើយ តែតម្រូវឲ្យម្ចាស់ចូលខ្លួនមកមកធ្វើកិច្ចសន្យាណែនាំ ទើបប្រគល់សម្ភារៈឲ្យវិញ ។ ជាមួយគ្នានេះដែរសូមបងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវទាំងអស់មេត្តាយោគយល់ និងសូមចូលរួមជាមួយអាជ្ញារដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត បញ្ហារៀបចំសណ្តាប់ធ្នាប់នេះអាជ្ញាធរមិនបន្ធូដៃរឡើយ ៕ សណ្តោស


ចែករំលែក៖