ភ្នំពេញ៖ ក្រុមតារាចម្រៀងវ័យក្មេងមួយក្រុម បានបើករថយន្ត Lexus ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ធ្វើឲ្យរថយន្តរបស់ តារាចម្រៀងជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ខូចខាតទាំងសងខាង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយនេះបានកើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៤កើត ខែជេដ្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនិងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI -6487 បើកបរដោយកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង រួមទាំងយុវតីរូបស្រស់ជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ក្នុងទិសដៅពីលិចទៅកើត ហើយបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ មិនប្រយ័ត្ន ក៏ត្រូវរថយន្ត Camary ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2I-4334 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងទិសដៅពីត្បូងមកជើងក្នុង មកប៉ះជាមួយរថយន្ត Lexus RX300 ប្រឆិតពីមុខពេញទំហឹង បណ្តាលឲ្យរថយន្ត Lexus ជ្រុលទៅបុករបងវត្តថែមទៀត ។
បន្ទាប់ពីកើតហេតុភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងដែរ ចុងក្រោយ ភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយដូចគ្នា បានសុំបញ្ចប់រឿងដោយ រ៉ៃលុយគ្នាទាំងសងខាង បាន១៥មុឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន ទុកឲ្យប្រគេនព្រះចៅអធិការវត្តមហាមន្ត្រី សម្រាប់ជួសជុលថ្លៃខូចខាតរបងវត្ត ៕ ជ្រោយពេជ្រ