ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាសហួសកម្រិតដេកស្លាប់ផ្ទះអ្នកដទៃទាំងយប់អធ្រាត្រ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ផឹកស្រាជាប្រចាំ រហូតដេកស្លាប់កាលពីវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្ត កំពង់ធំ។

ប្រភពព័ត៌មានពី ប្រពន្ធ ឈ្មោះ ដូង តែន អាយុ៥៤ ឆ្នាំបានបញ្ជាក់ថា: ប្តីគាត់ឈ្មោះ មួន ព្រីន ផឹកស្រា សរស្រវឹងជាប្រចាំគ្មានលុះថ្ងៃណាទេ ។ លុះដល់ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ម៉ោងប្រហែល៤ទៀបភ្លឺ ប្តីគាត់បានក្រោកទៅផឹកស្រាស រហូតដល់ម៉ោងប្រហែល ៧.០០នាទីព្រឹក ទើបត្រឡប់មកវិញ ហើយសុំលុយគាត់ទៅផឹកទៀត តែគាត់មិនឲ្យ ប្តីគាត់ថា បើមិនឲ្យមានតែទៅផឹកជំពាក់គេទៀត រួចដើរចេញទៅបាត់ ។

នៅម៉ោងប្រហែលប្រាំល្ងាច ឈ្មោះ ប៊ី ពុត ភេទប្រុស បានមកផ្ទះគាត់ ហើយ សួរគាត់ថា ឃើញពូមកវិញហើយនៅ គាត់ប្រាប់ថា នៅទេ ឈ្មោះពុត ប្រាប់ថា ពូ ព្រីន ផឹកស្រា ភ្នាល់ជាមួយវា(ប៊ី ពុត) អស់ មួយលីត្រ កន្លះ ហើយដេកនៅផ្ទះតា ម៉ុក ។ គាត់(ដូង តែន)ពុំបានទៅមើលទេ ព្រោះគាត់(មួន ព្រីន)​ធ្លាប់ដេកនៅទីនោះ។ នៅម៉ោងរំលងអធ្រាត្រ ថ្ងៃទី១៧ ខែឧសភា ឈ្មោះ ជិន ម៉ុក មកប្រាប់ថា ប្តីខ្លួនដេកស្លាប់នៅក្រោមផ្ទះរបស់គាត់។

ការបំភ្លឺពីឈ្មោះ ជិន ម៉ុក ភេទ ប្រុស បញ្ជាក់ថា ស្ទើរតែរាល់ថ្ងៃហើយ ដែលឈ្មោះ មួន ព្រីន ផឹកស្រា ស រួចទៅដេកនៅផ្ទះគាត់។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងសាច់ញាតិជនរងគ្រោះពិនិត្យ សព ឃើញថានៅលើខ្លួនសាកសព ពុំមាន ស្លាកស្នាមអ្វីទេរួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយផឹកស្រាសច្រើនហួសកម្រិត។

សពបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖