ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែកូនស្រីស្រែកយំពេលឈ្លោះប្តីប្រពន្ធស្រាប់តែឪពុកក្មេកចាក់សម្លាប់កូនប្រសារចោលតែម្តង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់បង្កទំនាស់ជាមួយនឹងប្រពន្ធ ហើយត្រូវឪពុកក្មេកចាក់សម្លាប់ ដោយកំបិតចុងស្រូចជាច្រើនកន្លែង ។

ហេតុការណ៍បង្កអំពើហិង្សាក្នុងគ្រួសារហើយត្រូវឪពុកក្មេកចាក់សម្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូររំពេ ភូមិវាលពោធិ៍ ឃុំអន្កុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាត់ វណ្ណា ភេទប្រុសអាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិវាលពោធិ៍ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ។

ជនសង្ស័យត្រូវជាឪពុកក្មេកឈ្មោះកូប អែល រស់នៅភូមិ ឃុំជាមួយគ្នាបានរត់គេចខ្លួនបាត់បន្ទាប់ពីចាក់សម្លាប់កូនប្រសាររបស់ខ្លួនឲ្យស្លាប់នៅ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធដែលមានសញ្ជាតិខែ្មរឥស្លាមដូចគ្នារហូតនាងស្រែកទ្រហោយំ ទ្រហឹងពេញផ្ទះ ។

គាប់ជួនពេលនោះឪពុកបង្កើតរបស់នាងក៏ត្រឡប់មកពីថ្វាយបង្គំវិញ ឮសូរសម្លេងកូនស្រីយំស្រែកបែបនេះ ក៏ចូលទៅមើល និងសួរនាំស្រាប់មានការប្រវាយប្រតប់ជាមួយ និងដន្លងស្រីទៅវិញហើយជនរងគ្រោះឃើញឪពុកក្មេក និងម្តាយបង្កើតប្រតាយប្រតប់គ្នាបែបនេះ ក៏បានស្ទុះចូលទៅឃាត់ពេលនោះស្រាបតែឪពុកក្មេកទាញយកកាំបិតចុងស្រួចមកចាក់ទៅលើកូនប្រសារជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។

លោក សែម សីុថា អធិការ ស្រុកថាឡាបរិវ៉ាត់ឲ្យដឹងថា ជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែងលើដងខ្លួនបន្ទាប់ពីឪពុកក្មេកចាក់នឹងកាំបិតចុងស្រួចដោយសារកាន់ជើងកូនស្រីរបស់គាត់គ្រាដែលកំពុងឈ្លោះប្រកែកជាមួយកូនប្រសារ ។

លោកបន្តថា បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណីសាសនាឥស្លាមផងដែរ ៕ ជីវ័ន្ត

 


ចែករំលែក៖