ភ្នំពេញ៖ នៅថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវជាប់គុក៥ឆ្នាំដដែល ករណីប្រមាថធ្ងន់ធ្ងរលើកងទ័ព។
ក្នុងពេលសវនាការ លោក សួន សេរីរដ្ឋា ទទួលស្គាល់កំហុសថា ខ្លួនពិតជាបានសរសេរសារ នយោបាយផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្នុងន័យប្រមាថកងទ័ពប្រាកដមែន ។ លោកបន្តថា បន្ទាប់ពីទទួលស្គាល់កំហុស លោកក៏បានចេញលិខិតសុំទោសជាសាធារណៈគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
លោកសួន សេរីរដ្ឋា ជាប់ចោទពីបទ” ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៧១ មាត្រា៤៧២ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកសួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធនឹងអង្គហេតុនៃការបង្ហោះសារជាសាធារណៈលើផេកឈ្មោះ Soun Serey Ratha លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលសារនោះមានចរិតបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិ។
យោងសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សំណុំរឿងលោកសួន សេរីរដ្ឋា ជាករណី បទមជ្ឈឹមជាក់ស្តែង ៕ ចេស្តា