ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី លួង ប៊ុនឡាយ អធិការរងទទួលផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងដឹកនាំកម្លាំងក្រោមឱវ៉ាត ចុះបង្រ្កាបករណីលេងល្បែងសុីសងឃាត់ខ្លួននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែងចំនួន ៦នាក់រួមទាំងវត្ថុតាង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឈ្មោះ ឈុន ឈឿន ក្បែរង្វង់មូលប្រមោយ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងបង្ហាញថា ជនសង្ស័យជាក្រុមលេងល្បែងសុីសង(ប៊ៀរ)ទាំងចំនួន ០៦នាក់ ទី១ ឈ្មោះ ឈុន ឈឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ(ម្ចាស់ផ្ទះផ្ដល់ទីតាំង)ទី២ ឈ្មោះ សៀម រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ធឹម ប៊ុនថន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទី៤ ឈ្មោះ មាស សារឿន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ទី៥ ឈ្មោះ ក្រន ឌឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងទី៦ ឈ្មោះ ជួប សុឃឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ អ្នកញៀនល្បែងទាំងចំនួន ០៦នាក់រស់នៅភូមិ.ឃុំកើតហេតុខាងលើ ក្នុងនោះកម្លាំងបានដកហូតនូវវត្ថុតាងរួមមាន បៀរចំនួន ១១៤សន្លឹក លុយចំនួន ១០០០០(មួយមឺុន)រៀល ទូរស័ព្ទដៃម៉ាក ណូគា ចំនួន ០១គ្រឿងផងដែរ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យទាំងចំនួន ០៦នាក់រួមទាំងវត្ថុតាងបាននាំយកមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីធ្វើត្រាបតាមឡើងវិញ និងធ្វើការអប់រំ ដោយមានកិច្ចសន្យាបញ្ឃប់ការលេងបន្តរួមទាំងលាយលក្ខណ៍ជាអក្សរត្រឹមត្រូវទើបឲ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ៕ ប៉ឹម ពិន