ខេត្តប៉ៃលិន ៖ យុវជនម្នាក់ គ្រាន់តែម្ដាយមិនឲ្យលុយ យកទៅធ្វើទូរស័ព្ទ តូចចិត្តពេកចិត្តស្លុយបាន សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយផឹកថ្នាំពុល ស្លាប់ចោលឪពុកម្តាយទាំងវ័យនៅក្មេង។
ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃ សុក្រ ៤ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្រ្តីនគរបាលខេត្តស្រុកសាលាក្រៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខែម សុខ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ឪពុក ឈ្មោះ គង់ ខេន អាយុ៦១ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ តឹប យន អាយុ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរូបនេះ បានសុំលុយឪពុកម្តាយដើម្បីយកទៅធ្វើទូរសព័្ទដទំនើបដែលខូច តែឪពុកម្តាយមិនព្រមឲ្យលុយព្រោះឃើញតែកូនកាន់ទូរស័ព្ទលេងហ្គេមនិង លេងហ្វេសប៊ុកភ្លេចធ្វើការងារផ្ទះ ទើបយុវជននេះតូចចិត្តខ្លាំង ក៏លួចផឹកថ្នាំសម្លាប់ស្មៅផលិតនៅប្រទេសថៃ បណ្តាលឲ្យបាត់បងជីវិតតែម្តងទៅ ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម មន្ត្រីជំនាញបានចុះទៅពិនិត្យសាកសពរួចសន្និដ្ឋានថាជនរងគ្រោះពិតជាផឹកថ្នាំពុលសម្លាប់ខ្លួនប្រាកដមែនហើយបានបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី