ខេត្តមណ្ឌលគិរី៖ រថយន្តធុនធ្ងន់មួយគ្រឿងបោះពួយយ៉ាងលឿន ត្រង់ផ្លូវចុះចំណោតបុកជាមួយនឹងម៉ូតូបណ្តាលឲ្យ បុរសវ័យ៤៥ឆ្នាំម្នាក់ បែកក្បាលខ្ទេចខ្ទាតខួរពេញផ្លូវស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៤កើត ខែជេស្ធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចក្បាលស្ពានភ្នំបាយឆៅ ស្ថិតក្នុងភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ប្រភពពីកន្លែងហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុគេឃើញរថយន្តធុនធ្ងន់មួយគ្រឿង ម៉ាកយីឌុបផ្លូវប្រាំ(ក្បាលសតទ្រុខៀវ) អត់ចាំស្លាកលេខ ចេញពី ក្រុងសែនមនោរម្យ ក្នុងទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន មកដល់ចំណុចខាងលើក្នុងស្ថានភាពផ្លូវកោងចុះចំណោតផង និងឡើងចំណោតផងនោះអ្នកបើកបររថយន្តមិនបន្ថយល្បឿនទេ កំពុងតែបង្ខំយកដេប៉ាខ្លាំង ស្រាប់តែបុកទៅលើម៉ូតូអ្នកដំណើរក្នុងទិសដៅស្របគ្នា ពេញទំហឹងតែម្តងបណ្តាលឲ្យបុរសម្នាក់ដួលត្រូវកង់រថយន្តកិនចំក្បាលបែកធ្លាយខួររាយប៉ាយពេញផ្លូវ ។
ប្រភពបន្តថា ភាគីខាងជនរងគ្រោះឌុបគ្នា៣នាក់(ប្តី ប្រពន្ធ និងកូន) ហើយប្តីអ្នកឌុបនោះអកុសលត្រូវកង់យីឌុបផ្លូវប្រាំកិនចំក្បាលស្ទើរតែខ្ទេចទាំងស្រុងតែម្តង ។ ចំណែកប្រពន្ធ និងកូនបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវរថយន្តសង្គ្រោះបន្ទាន់ នៃស្នងការដ្ធាននគរបាលចរាចរផ្លូវគោកខេត្តដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែករថយន្តបង្ក បានបើករត់គេចបាត់ស្រមោល ។
បើតាមប្រភពពីកម្លាំងសមត្ថកិច្ចចរាចរដែលចុះធ្វើកំណត់ហេតុវាស់វែងបានឲ្យដឹងថា ជនរងគ្រោះពុំទាន់ដឹងច្បាស់អំពីអត្តសញ្ញាណ និងទីលំនៅ នៅឡើយទេ កំពុងស្រាវជ្រាវរកសាច់ញាតិបងប្អូនមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបន្តថា រថយន្តបង្កទោះជាមានស្លាបហោះលើមេឃ ក៏ហោះពុំរួចពីសំណាញ់ច្បាប់នោះឡើយ ដោយសារកម្លាំងរបស់លោកបានកំណត់មុខសញ្ញា និងទំនាក់ទំនងគ្រប់បណ្តាញតាមមុខព្រួញរួចស្រេចហើយ ។
លោកបញ្ជាក់ថា សូម្បីគ្រឿងញៀនប៉ុនកញ្ចប់ប៊ីចេងក៏នៅរកឃើញ ចុះទម្រាំរថយន្តយ៉ីឌុបប៉ុនកប៉ាល់ទីតានិចទៅហើយ ម៉េចក៏ថារកមិនឃើញ??? ៕ ជីវ័ន្ត