ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម និងលោក លឹម គានហោ បំពាក់មេដាយការពារជាតិ ដល់អតីតយុទ្ធជនជាង៤០០នាក់ នៅស្រុកពញាឮ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា និងលោក លឹម គានហោ​ ប្រធានក្រុមការងារចុះជួយស្រុកពញាឮ អមដំណើរដោយ លោក តាន់ ម៉េងលាង បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មកពីស្រុកពញាឮ ខេត្តកណ្តាល ​ចំនួន​៤០៨នាក់ នៅព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឡើងនៅក្នុងទីស្តីការក្រសួងធនធានទឹក។​

បន្ទាប់ពីបាននាំមកនូវ​ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, នាយឧត្តមសេនីយ៍ គន់ គីម​ បានអំពាវនាវ ឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក​ដូចបងប្អូន​ក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនោះ ត្រូវជឿជាក់​ស្មោះស្ម័គ្រ គាំទ្រ​ការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញា​ការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ​ឈ្នះ របស់សម្តេចតេជោ។

នាយឧត្តមសេនីយ៍អគ្គលេខាធិការ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំសមាគម​គ្រប់ថ្នាក់ ដែលបានខិតខំដោះស្រាយប្រាក់បេឡាមរណសង្គ្រោះ និងធានារ៉ាប់រង សង្គមជូនគ្រួសារសព បានទាន់ពេលវេលា ព្រមទាំងបានធ្វើបច្ចុប្ប្ននភាព សមាជិក​រកឃើញអ្នកទ័លក្រអត់ដីអត់ផ្ទះ​១៩គ្រួសារ ​មានដីអត់ផ្ទះ​១០​គ្រួសារ និងអ្នករស់នៅលើដីសាធារណៈ​២គ្រួសារ ចំពោះអ្នកអត់ដីអត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ​ត្រូវបាន​នាយឧត្តមសេនីយ៍ ណែនាំឲ្យសមាគមថ្នាក់ស្រុក​ ធ្វើការសាកសួរជាក់ស្តែង បើបងប្អូនព្រមទៅនៅខេត្តកំពង់ឆ្នាំង ឬ​ឧត្តរមានជ័យ ហើយនឹងដោះស្រាយជូន ព្រោះនៅទីនោះមានដីសម្បទានសង្គមកិច្ច។ ដោយឡែកអ្នកមានដីអត់ផ្ទះ​១០គ្រួសារ នាយឧត្តមសេនីយ៍នឹង​គោរពសុំឈើពីសម្តេចតេជោ និងស្នើសុំ លោក លឹម គានហោ ជួយថវិកា​ទិញសង្ក័សី ដែកគោល ដើម្បីសាងសង់ផ្ទះជូន។

ដើម្បីអបអរខួបលើកទី១១ ទិវាអតីតយុទ្ធជន នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានណែនាំឲ្យ​ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន​គ្រប់ថ្នាក់ និង​អាជ្ញាធរគ្រប់ថ្នាក់ ដែលជាប្រធានកត្តិយស​ នៅតាមបណ្តាថ្នាក់ ត្រូវបន្តការគិតគូរពីសុខទុក្ខរបស់បងប្អូនសមាជិក និងអនុវត្តឲ្យបានល្អតាមសារាចរ​របស់ រាជរដ្ឋាភិបាល ស្តីពីការ​ប្រារព្ធខួបលើកទី១១ ទិវាអតីតយុទ្ធជន។

ជាមួយគ្នានេះ លោក លឹម គានហោ ​បានសម្តែងការដឹងគុណ និងគោរពនូវវីរភាពរបស់ បងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ ការលះបង់របស់បងប្អូនយើងនៅពេលនោះ គឺជាគំរូដ៏អង់អាចក្លាហាន សម្រាប់អ្នកជំនាន់ក្រោយ អនុវត្តន៍តាម​ និងសុំឲ្យសមាជិកបន្តនូវវីរភាពនេះជាបន្តទៀត ក្រោមការដឹកនាំរបស់​សម្តេចតេជោ។

ជាចុងក្រោយ លោក លឹម គានហោ បានសម្រេចជូន​ថវិកាទិញស័ង្កសី និងដែកគោល សម្រាប់សាងសង់ផ្ទះទាំងអ្នកមានដីអត់ផ្ទះ និងអ្នកអត់ដីអត់ផ្ទះ ដែលព្រមទៅនៅខេត្តកំពង់ឆ្នាំង ព្រមទាំងបានផ្តល់រថយន្តមួយគ្រឿង ជូន​សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបម្រើការ​សកម្មភាពសមាគម។

លោក ស សារិន យោធិនពិការ រស់នៅភូមិតាពៅឃុំ​កោះចិន និងលោក លៀម នី យោធិនពិការ រស់នៅភូមិកំពប់ ឃុំទន្លាប់ធំ ស្រុកពញាឮ បានសំដែងក្តីរីករាយ ដែលត្រូវបានបំពាក់មេដាយនៅក្នុងថ្ងៃនេះ បានឲ្យដឹងថា ក្រៅពីសម្តេចតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា គ្មានក្រុមបក្សណាផ្សេងគិតដល់ពួកគាត់ទេ ហេតុនេះពួកគាត់ទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីគាំទ្រសម្តេច ធ្វើជានាយករដ្ឋមន្ត្រី​បន្តទៀត។

ដោយឡែក លោកស្រី សុង ភណ្ឌ ជាគ្រួសារសពជនពិការ ​ឈ្មោះ ទួត ទី នៅភូមិ​ទួលអំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំសមាគមថ្នាក់ឃុំ ស្រុក ដែលបានយកចិត្តទុកដាក់ខ្នះខ្នែង ជួយរៀបចំពិធីបុណ្យសពប្តីគាត់ ដោយមានអាជ្ញាធរដែនដីឃុំ ស្រុក កងកម្លាំងទាំងបី​មកចូលរួម និងលិខិតរំលែកទុក្ខរបស់សមាគម និងមា​នការមកចូលរួមបុណ្យពី​សមាជិក ព្រមទាំងទទួលបានប្រាក់បេឡាមរណសង្គ្រោះទាន់ពេលវេលា៕


ចែករំលែក៖