ខេត្តកំពង់ស្ពឺ៖ រថយន្តកុងតឺន័រសណ្តោងកន្ទុយមួយគ្រឿង បានធ្លាក់ចូលក្នុងប្រឡាយអមផ្លូវជាតិលេខ៤ សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤នោះ ខណៈដែលអ្នកបើកបរបើកលឿនពេក បែកកង់មុខខាងឆ្វេង ជាន់ហ្វ្រាំងមិនទាន់ កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨
នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤១ ទៅលេខ៤២ ស្ថិតនៅក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តកុងតឺន័រសណ្តោងបានធ្លាក់ចូលប្រឡាយនោះមិនដឹងថា ជារបស់ក្រុមហ៊ុនណានោះទេ គ្រាន់តែដឹងថាមានក្បាលពណ៌ក្រហម កន្ទុយពណ៌ខៀវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះឡើយគ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំប៉ុណ្ណោះ។
តាមសម្តីរបស់ប្រជាពលរដ្ឋអ្នកលក់ដូរឈ្មោះ សុខ ដារី ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅម្តុំកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រខាងលើនេះបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿន លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុអ្នកបើកបរជាន់ហ្វ្រាំងមិនជាប់ផ្លូវម្តុំ និងកោងផងនោះបណ្តាលឲ្យជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយខាងជើងផ្លូវ(ខាងឆ្វេងដៃ) ប៉ុន្តែសំណាងល្អណាស់មិនបង្ក ឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងអ្នកបើកបរនោះ ។
ក្រោយកើតហេតុគេបានឃើញនគរបាលជំនាញស្រុកសំរោងទងចុះទៅវាស់វែងដែរ ប៉ុន្តែដោយមិនមានបង្កដល់អ្នកធ្វើដំណើរក៏ដូចជាខូចខាតសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ក្រុមហ៊ុនយករថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯងទៅ។ប្រជាពលរដ្ឋអ្នកទៅចោមរោមមើលបាននិយាយថាអ្នកបើកបររថយន្តកុងតឺន័រ និងជាពិសេសរថយន្តរបស់ក្រុមហ៊ុនធំៗភាគច្រើនក្មេងៗស្ទាវមានអាយុជាង២០ឆ្នាំប៉ុណ្ណោះ ហើយការបើកបរវិញមិនយឺតនោះទេជាពិសេសផ្លូវជាតិលេខ៤នេះតែម្តង ដូចនេះពួកគាត់សំណូមពរឲ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដែលមានរថយន្តធុនធំៗមេត្តាជួយណែនាំដល់តៃកុងរថយន្តពេលបើកបរឲ្យគោរពច្បាប់ផងចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃធ្វើដំណើរលើផ្លូវជាមួយនោះ ៕ សេនា សក្តិ