ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត នឹងម៉ូតូបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ខណៈដែលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង០៥នាទីយប់ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី លើផ្លូវទៅស្រុកវ៉ើនសៃ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កគ្រោះធ្វើដំណើរពីជើងទៅត្បូងដល់ចំនុចកើតហេតុមកពីរថយន្តបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បានបុកជាមួយម៉ូតូជិះបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលអោយផ្លោងចេញចម្ងាយ៧ម៉ែត្ររួចម្ចាស់រថយន្ត ក៏បានលើកជនរងគ្រោះដាក់លើរថយន្តដឹកទៅសង្គ្រោះ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនបើកបររថយន្តបង្ក ឈ្មោះសែន សុផល ភេទប្រុស អាយុ៤៦ ឆ្នាំជនជាតិខ្មែរមុខរបរ យោធា(នៅអូរតាងវ៉ើនសៃ)មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតគិរី រថយន្តបង្កហេតុម៉ាក តូយូតា ពណ៌ទាហាន ពាក់ស្លាកលេខ ខេមរភូមិមិន្ទ ពេលក្រោយពេលបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យ បានរត់គេចខ្ខួនបាត់ភ្លាមៗដែរ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបង្កការឲ្យមានការខូចខាតម៉ូតូកែឆ្នៃមួយគ្រឿង និងរថយន្តចំនួនមួយគ្រឿង ហើយសមត្ថកិច្ចចរាចរណ៍បានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តរតនគិរី រង់ចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ។
សាកសពប្រគល់ឲ្យសាច់ញាតិនិងក្រុមគ្រួសាយកទៅធ្វើបុណតាមប្រពៃណី ៕ ជីវ័ន្ត