ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងឃាតកម្មសម្លាប់​ស្ត្រី​ម្នាក់​រឹតកដោយក្រមាព្រោះ​គំនុំ​​ សាលក្រម​ប្រកាស​ថ្ងៃ​ទី​៦ មិថុនា​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ ជនជាប់ចោទ​ម្នាក់​សារភាព​ក្នុង​សវនាការ​នៅ​ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨​ថា​ ពិត​ជា​បាន​សម្លាប់​ស្ត្រី​ម្នាក់​ព្រោះ​គំនុំ​ប្រាកដ​មែន​ ។ ទោះបី​យ៉ាងណា​ ក្រោយ​បញ្ចប់​សវនាការ​ លោក​គឹម​ ម៉េង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​វិញ​ ។

មន្ត្រី​តុលាការ​ថ្លែង​ថា​ ជនជាប់ចោទ​ឈ្មោះ​ មុត​ ម៉ុន​ អាយុ​៣៣ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។

គួរ​រំលឹក​ថា​ ហេតុការណ៍​ឃាតកម្ម​នេះ​ កើត​ឡើង​កាលពី​ថ្ងៃទី​១១​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ពុម្ពោតព្រៃ​ ភូមិ​គោល​ ឃុំ​ទួលពេជ្រ​ ស្រុក​អង្គស្នូល​ ខេត្តកណ្តាល​ ។

សមត្ថកិច្ច​ ធ្លាប់​បញ្ជាក់​ថា​ មុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិ ហើយបានឃើញជនល្មើស និងក្មេងៗ អាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើ ប្រាស់ថ្នាំញៀននៅក្នុង គម្ពោតព្រៃ។

ពេលនោះជនរងគ្រោះ បានស្រែកឡូឡាថា​ឱ្យ​ ។ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ទើបជនល្មើស ខឹងបានឈានដល់វាយតប់ និងយកក្រមារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។

លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១៨​ តាមរយៈព័ត៌មានជំនាញ និងស្រុកតាមការស៊ើបអង្កេត មានតម្រុយថា មុខសញ្ញា បានគេចខ្លួន មកនៅផ្ទះប្អូននៅឃុំស្វាយជ្រុំ។ បន្ទាប់មកកម្លាំងជំនាញខេត្ត និងបានតាមស្វែងរក ជនល្មើសបានដឹងខ្លួនរត់គេច ចំណុចក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិស្វាយជ្រុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល សហការជាមួយកម្លាំង នគរបាល ស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ តែម្នាក់ឯង ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួន ជិះម៉ូតូបុកគេស្លាប់មិនព្រមសង ហើយជនល្មើសក៏ស្អប់ជនរងគ្រោះរឿងចេះធ្មប់ទៀតផង៕ ឆ ដា


ចែករំលែក៖