ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិបានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងមកឈប់លើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន បន្សល់ទុកតែម៉ូតូមួយគ្រឿងនៅលើស្ពានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរចោមរោមមើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧នឹង៣០នាទីយប់ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
តាមប្រភពពត៌មានពីសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វាបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែល៣០ឆ្នាំ ពាក់អាវដៃខ្លីពណ៌ខ្មៅ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-7132 បើកបរតាមបណ្តោយផ្លូវពីរង្វង់មូលកួចកាណុង បើកឡើងស្ពានជ្រោយចង្វារថ្មី ខណៈបើកមកដល់លើស្ពានមិនដឹងថា គាត់មានវិបត្តិផ្លូវចិត្តរឿងអីនោះទេ បានឈប់ម៉ូតូ រួចដកសោម៉ូតូទុកក្នុងខ្លុបម៉ូតូ ហើយឡើងលើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួនតែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វា និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នាំគ្នាឈប់ចោមរោមមើលរហូតដល់ស្ទះចរាចរ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ជ្រោយចង្វា ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកម៉ូតូវិញ ៕ ជ្រោយពេជ្រ