ខេត្តសៀមរាបៈ កម្មករសំណង់ម្នាក់ ត្រូវគូភាគីវាយជាច្រើនដំបង បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈមានជម្លោះក្នុងវង់ផឹកស៊ីហើយ ជនដៃដល់បានអូសសពយកទៅទម្លាក់នៅមុខរបងផ្ទះគេ តាមផ្លូវក្រួសក្រហម ដើម្បីបន្លំភ្នែកសមត្ថកិច្ច។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅព្រឹកថ្ងៃចន្ទ ៧កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា លុះរសៀលថ្ងៃដដែលទើបចាប់បានជនសង្ស័យ រួចនាំយកមកធ្វើតា្រប់ នៅកន្លែងកើតហេតុ ក្នុងដីឡូតិ៍ ស្ថិតនៅចំណុចក្នុងព្រៃទំនប់ខាងត្បូងអង្គរឃ្យុងយូ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាកន្លែងដែលជនសង្ស័យ យកសពជនរងគ្រោះទៅបោះចោលនៅទីនោះ ។
នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ក្រោយពីកម្លាំងប្រជាការពារភូមិស្លក្រាម បានប្រទះឃើញសាកសពបុរសខាងលើក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹងទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនបានជនដៃដល់ ដែលសម្លាប់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ឈៀក ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិសំរោងក្រុង ឃុំសំរោងក្រុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ចំណែកជនសង្ស័យឈ្មោះ ស៊ិន សីហសទ្ធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅភូមិកំពង់ក្របី ឃុំឯកភាព ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្តាយ ក្នុងភូមិធ្លក អណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុ គឺដោយសារពេលផឹកស៊ីចប់ ជនរងគ្រោះបានជេរឪពុកម្តាយរបស់ខ្លួន ព្រមទាំងប្រមាថអាយុជីវិតរូបគេទៀត ទើបរូបគេហ៊ានលើកដៃវាយសម្លាប់ដូច្នេះ។ មុនដំបូងរូបគេបានជិះកង់ចេញពីផ្ទះឪពុកម្តាយទៅផឹកស្រា ស មានគ្នា៣ក្នុងនោះឈ្មោះ អ៊ុ ប៊ុន លី ជាអ្នកយាមដីឱ្យគេ និងជនរងគ្រោះឈ្មោះ ឈៀក ប៊ុន ណា ដោយផឹកស្រាសអស់១លីត្រកន្លះ ខណៈពេលនោះ អ៊ុ ប៊ុនលី ស្រវឹងគាត់ក៏ចូលទៅដេកមុន ហើយនៅសល់តែរូបគេនិងជនរងគ្រោះផឹកតែ២នាក់តទល់។ ពេលអស់ស្រា រូបគេក៏ដើរទៅបម្រុង ដាក់មុងចូលដេកដែរ ស្រាប់តែជនរងគ្រោះ បានជេរឪពុកម្តាយ និងប្រមាណអាយុជីវិត ទើបទ្រាំមិនបាន ក៏ស្ទុះចេញពីមុង ទាញដំបងឈើប្រវែង០,៥៥ម៉ែត្រ វាយជាច្រើនដំបង ធ្វើឲ្យជនរងគ្រោះដួលផ្កាប់មុខតែម្តង។ ពេលឃើញដូច្នេះរូបគេ ក៏វាយបន្ថែមទៀតរហូតដល់ស្លាប់ ហើយក៏អូសចេញទៅចោលនៅក្រៅរបង ដើម្បីបន្លំភ្នែកសមត្ថកិច្ចកុំថា ស្លាប់នៅក្នុងដីឡូតិ៍ ហើយក៏ជិះកង់ត្រឡប់ទៅផ្ទះ និងបន្តទៅផឹកស្រានៅផ្ទះពូថែមទៀត។ លុះម៉ោងជិត១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រូបគេបានជិះកង់ចេញពីផ្ទះពូ ត្រឡប់ទៅផ្ទះវិញ ដើម្បីសុំលុយម្តាយ២០ដុល្លារ ដើម្បីជិះឡានរត់គេចខ្លួនទៅបាត់ដំបងពេលមកដល់ ឃើញសមត្ថកិច្ច និងប្រជាការពារភូមិនៅ មុខផ្ទះគេក៏ រត់ចូលព្រៃតែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង៕ សហការី