ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តល់ភាពស្របច្បាប់ជូនពលករដែលបានកំពុងតែធ្វើការនៅប្រទេសថៃ និងបើកកន្លែងលិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតការងារនៅទីតាំងសំខាន់ៗមួយចំនួន ឲ្យមានដំណោះស្រាយមួយក្នុងការការពារពលករពីការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់រូបភាពពីពលករខុសច្បាប់។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និងទិសដៅអនុវត្តឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះនៅក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោមបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចការងារជាច្រើន ដោយប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ និងប្រទេសពាក់ព័ន្ធដោយពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការដៃគូ សង្គមស៊ីវិល វិស័យឯកជន និងបង្កើតឱកាសការងារ និងខិតខំការពារផលប្រយោជន៍ដល់ពលករខ្មែរទាំងក្នុងនិងក្រៅប្រទេស និងខិតខំការពារពីការរំលោភបំពាននិងកេងប្រវ័ញ្ចគ្រប់រូបភាព។
បើតាមរបាយការណ៍ដែលបានចែកជូនដល់អ្នកសារព័ត៌មានបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះមានគឺមានពលករខ្មែរជាងមួយលាននាក់កំពុងធ្វើការនៅប្រទេសថៃ ហើយក្នុងនោះជាង៣០ភាគរយគឺស្របច្បាប់និងមានឯកសារត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃ។
ថ្លែងនៅក្នុងឱកាសនោះដែរលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា អាជ្ញរធរថៃបានបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ ក្រោមរូបភាពនិរទេសតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសរុបមានចំនួន ៧៣.២៧៥នាក់ ស្រី២៥.៥៨០នាក់។ ចំណែកខេត្តបាត់ដំបង បានទទួលពលករខ្មែរពីអាជ្ញាធរថៃ មានចំនួន ៥៦.៧២០នាក់ ស្រី២៥.២៥០នាក់។ រីឯខេត្តប៉ៃលិនទទួលពលករខ្មែរពីអាជ្ញាធរថៃ មានចំនួន ១.២៤៦នាក់ ស្រី៥១៧នាក់៕ តាឡឹម