ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនស៊ិនទ្រីប៉ះរថយន្តជនជាតិចិនចតលើផ្លូវបែកស្តុបទារសំណង១០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿង ចតចោលនៅលើចិញ្ចើមផ្លូវ ត្រូវរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បត់មិនផុត បណ្តាលឲ្យប៉ះបែកស្តុបខាងឆ្វេង។

ហេតុការណ៍នេះបានកើតឡើងការពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សកែងផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនជាតិចិន បើករថយន្តម៉ាកTrump Chi ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-4188 មកចតនៅលើផ្លូវចោលស្រាប់តែមានរថយន្តដឹកសំរាមមួយគ្រឿង ពាក់ស្លាកសំគាល់លេខ448 បានបត់ទៅប្រមូលសំរាមតែបត់មកមិនផុតក៏ជ្រុលទៅប៉ះស្តុបរថយន្តបណ្តាលឲ្យបែកស្តុប ហើយខាងភាគីរថយន្តជាជនជាតិចិនក៏ចេញមកទារសំណងចំនួន១០០០ដុល្លារ តែភាគីរថយន្តស៊ិនទ្រីមិនព្រមក៏បានហៅសមត្ថកិច្ចឲ្យមកអន្តគមន៍។

ក្រោយពេលកើតហេតុ ដោះស្រាយគ្នាមិនត្រូវ ខាងភាគីចិនចូលក្នុងសណ្ឋាគារបាត់វិញ មិនព្រមឲ្យសោរថយន្តទៅសមត្ថកិច្ចទេ ទើបសមត្ថកិច្ចស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយទៅតាមនិតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖