ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តប៉ះម៉ូតូនៅចំណុចផ្លូវបែកជាបួន បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តមិនប្រយ័ត្នជ្រុលទៅប៉ះជាមួយម៉ូតូនៅចំណុចផ្លូវបែកជាបួន អូសជាប់ក្រោមរថយន្តប្រហែល១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ត១គ្រឿងម៉ាក ISUZU D-MAX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3206 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូង។ ខណៈនោះ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ុយហ្សុ៊យគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ន-5400 ភព១ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៤០ ក្នុងទិសដៅពីកើតទៅលិច មកដល់ផ្លូវបែកជាបួនឆ្លងស្តុបមិនផុត ក៏ត្រូវរថយន្តប៉ះអូសម៉ូតូជាប់ក្រោមកកង់រថយន្តប្រហែល១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង អូសយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធី៕ ជ្រោយពេជ្រ

 


ចែករំលែក៖