ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចុះជួប សាកសួរសុខទុក្ខ និងពាំនាំពីវឌ្ឍនភាព របស់កម្ពុជា ជម្រាបដល់ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើការងារផ្សេងៗ នៅម៉ាឡេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ ចាត់តំណាង លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចេញ ដំណើរទៅកាន់គោលដៅទី៧នៅរដ្ឋ Kelantan ដែលនៅចម្ងាយជាង ៤៥០គីឡូម៉ែត្រពីរដ្ឋធានី គូឡាឡាំពួរ កាលពីថ្ងៃព្រហស្បតិ៏ ១០កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី នេះជាលើកទី៤ ក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្ដ និងយកចិត្ដទុក្ខដាក់ ពីសុខទុក្ខរបស់បងប្អូន ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ប្រកបអាជីវកម្ម ធ្វើការងារផ្សេងៗ នៅប្រទេសម៉ាឡេស៊ី និងពិសេស បង្កើនការទំនាក់ទំនងជាមួយបងប្អូន ពលរដ្ឋកម្ពុជា ម៉ាឡេស៊ីឲ្យកាន់តែជិតស្និទ្ធជាមួយគ្នាឲ្យកាន់ល្អឡើងថែមទៀត ។
លោក ឧកញ៉ា អូស្មាន ហាស្សាន់ បានរំល២កថា៖ នេះជាលើកទី៤ ដែលគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាមដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ខណៈលើកទី១ ធ្វើឡើងកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ ដោយបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរ នៅតំបន់ Kajang រដ្ឋSelangor ម៉ាឡេស៊ី។ លើកទី២ ពីថ្ងៃទី ២១-២៤ មេសា ២០១៨ ដែលបានអញ្ជើញជួបពលរដ្ឋខ្មែរនៅរដ្ឋ៣ គឺរដ្ឋ Johor Baharu រដ្ឋ Selangor និងរដ្ឋ Malaka និង លើកទី៣ ពីថ្ងៃទី ០១- ០៤ខែឧសភា ឆ្នាំ ២០១៨ បានជួបបងប្អូននៅរដ្ឋ២ គឺរដ្ឋ Pahang និងរដ្ឋ Perak ម៉ាឡេស៊ី ។
លោក ឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ពីគម្រោង នៃដំណើរទស្សនិកិច្ចនេះថា៖ គណៈប្រតិភូកម្ពុជា មានគម្រោងក្រោយពីបញ្ចប់ពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រតិភូ យើងនឹងអញ្ជើញ ចូលរួមទទួលទានអាហារសាមគ្គី ក្នុងពិធីស្រាយបួសរ៉ាម៉ាឌន ជាមួយនាយករដ្ឋមន្រ្តីថ្មី របស់ម៉ាឡេស៊ី សម្តេច Tun Dr Mahathir Mohamed នាល្ងាចថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨នេះផងដែរ ដើម្បី បង្កើនចំណងមិត្ដភាព សាមគ្គីភាព ឲ្យកាន់ខ្លាំងក្លាឡើងថែមទៀត ៕ សំរិត