ខេត្តកំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោងទង បង្ក្រាបផ្ទះបើកល្បែងស៊ីសងជាយូរមកហើយ ប៉ុន្តែគួរឲ្យស្តាយអ្នកញៀនល្បែងបានរត់គេចខ្លួនបាត់អស់ ឃាត់បានតែម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធប៉ុណ្ណោះ អ្នកលេងបានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ឃាត់ខ្លួនម្ចាស់ទីតាំងល្បែងខាងលើបាន កាលពីវេលាម៉ោង៣រសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះមេល្បែងដុះស្លែ ក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើតាមសម្តីរបស់មន្ត្រីអាវុធហត្ថម្នាក់បាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនបានម្ចាស់ទីតាំងខាងលើនេះគឺ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកសំរោងទង សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌ខេត្តកំពង់ស្ពឺ ដោយបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ឃាត់ខ្លួនក្រុមបើកល្បែងស៊ីសងខុសច្បាប់នៅចំណុច ក្នុងភូមិខាងលើ ។ ប៉ុន្តែគួរឲ្យសោកស្តាយយ៉ាងខ្លាំងនៅពេលដែលចុះបង្ក្រាបអ្នកលេងហាក់បីដូចជាដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោល ។
មន្ត្រីដដែលបានបន្តថាបុរស២នាក់ប្តីប្រពន្ធដែលកម្លាំងអាវុធហត្ថឃាត់បានប្តីមាន ឈ្មោះ ភិន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកកន្លែងលេងល្បែង ប្រពន្ធមាន ឈ្មោះសួន ស្រីយ៉ា ភេទស្រី អាយុ៣៤ឆ្នាំមុខរបរបើកកន្លែងលេងល្បែងទាំង២នាក់ប្តីប្រពន្ធរស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីដដែលបានបន្តថាបន្ទាប់ពីឃាត់ខ្លួបុរស២នាក់ប្តីប្រពន្ធខាងលើ ពាក់ព័ន្ទកត់កន្ទុយលេខខុសច្បាប់ រួមទាំងវត្ថុតាងមួយចំនួននោះកម្លាំអាវុធហត្ថស្រុកសំរោងទង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
បើតាមសម្តីរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរផ្ទះមេល្បែងខាងលើនេះបានលួចបង្ហើបឲ្យដឹងថាល្បែងនេះបានលួចលាក់លេងជាយូរខែ ឆ្នាំមកហើយ ហើយបានជាពេលចុះបង្ក្រាបបានតែម្ចាស់ទីតាំងនេះដោយសារតែ មានមន្ត្រីសមត្ថកិច្ចមូលដ្ឋានខ្លះបានទទួលលាភសក្ការពីម្ចាស់ទីតាំងនិងអ្នកញៀនល្បែងទាំងអស់នោះ ពេលដែលមានមនុស្សចម្លែក ប្លែកមុខចេញចូល រាយការណ៍ភ្លាមៗ ទើបកម្លាំងអាវុធហត្ថស្រុកសំរោងទងបានសហការជាមួយកម្លាំងអាវុធហត្ថខេត្តជាច្រើនអ្នកហើយឃាត់អ្នកលេងមិនបានសូម្បីតែម្នាក់នោះ ។
បើតាមប្រភពប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះសុខបាននិយាយឲ្យដឹងថាឲ្យចាប់អ្នកលេងម្តេចបានទៅបើ អ្នកលេងខាងលើជាសមត្ថកិច្ចដែលនិង ហើយអ្នកខ្លះទៀតមានបុណ្យសក្ត័ក៏មាន មុននិងចុះចាប់បង្ក្រាបគេទូរសព្ទ័ប្រាប់គ្នាឲ្យរត់អស់ហើយនិង ប៉ុន្តែម្ចាស់ផ្ទះអាងតែស្គាល់គ្នាធ្លាប់មានទំនាក់ទំនងជាមួយអស់លោកសមត្ថកិច្ចមូលដ្ឋានទោះបមិនរត់នោះ ហើយកម្លាំងអាវុធហត្ថបង្ក្រាបតែម្តងទៅកុំឲ្យស៊យ ៕ សេនា សក្តិ