ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវចោរឆក់កាបូបស្ពាយបានសម្រេច គេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

​ភ្នំពេញ៖​ ជនសង្ស័យ​២​នាក់ បានធ្វើសកម្មភាព​ឆក់​កាបូបស្ពាយពីនារី​ម្នាក់​បានសម្រេច ខណៈដែលរូបនាងបានជិះម៉ូតូតែម្នាក់ឯង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០​កែង​ផ្លូវ​៦០៨ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ដោយបាត់បង់អស់​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​លុយ​មួយ​ចំនួនផងដែរ ។

តាមប្រភពព័ត៍មានពីសាក្សី​​នៅកន្លែងកើតហេតុ ​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេឃើញ​នារីរងគ្រោះ បានជិះ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស្គូ​ពី ពណ៌​ខៀវ​លាយ​លឿង ទើបតែ​ចេញ​មក​ពី​ញុំ​ា​អាហារ​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​ទួល​គោក ក្នុងគោលបំណង​ទៅ​ផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ ។ លុះ​ជិះបានកណ្ដាលផ្លូវ​ជា​ចំណុច​កើតហេតុ​ខាងលើ​ ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៨ មិន​ចាំ​ស្លាក​លេខ តាមពីក្រោយភ្លាមនោះជនសង្ស័យម្នាក់ដែល​អង្គុយ​ពីក្រោយ​ជាអ្នក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារីរង​គ្រោះ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។ចំណែក​នារី​ជន​រង​គ្រោះ​ដួលម៉ូតូរង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​កក់​១​ ដើម្បី​ឲ្យសមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ចំណែកសម្ភារៈបាត់បង់​នៅ​ក្នុង​កាបូបស្ពាយ​របស់​នារី​រង​គ្រោះ​នោះ​មាន ៖ ​ទូរស័ព្ទ​ដៃ​២​គ្រឿង មួយ​គ្រឿង​ម៉ាក iPhone 6 មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំង​សុង និង​លុយ​មួយ​ចំនួន​ផងដែរ ៕ ស តារា

 


ចែករំលែក៖