ភ្នំពេញ៖ កម្មករសំណង់ផ្ទះល្វែងម្នាក់ឆក់ខ្សែភ្លើងសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនាឲ្យដឹងខ្លួនឡើងវិញ រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩:៣០នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់ផ្ទះ ល្វែងលេខ២១អឺសូន្យ ក្រុម១៩ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះ ផន ដារ៉ូ អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើការដ្ឋានសំណង់ជាន់ទី១ ដូចសព្វដង មួយសន្ទុះក្រោយជនរងគ្រោះបានចុះមកជាន់ក្រោមដើម្បីសាកថ្មទូរស័ព្ទ ហើយបានកាន់ខ្សែភ្លើងចំមុខដំណរឆក់សន្លប់ស្តូកស្តឹងតែម្តង ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាមកជួយធ្វើចលនាឲ្យជនរងគ្រោះ ប្រហែលជាកន្លះម៉ោងទើបជនរងគ្រោះដឹងខ្លួនឡើងវិញ ។ បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕ ជ្រោយពេជ្រ