ភ្នំពេញ៖ ណាហ្គាវើលដ៍ ក្នុងពេលថ្មីៗនេះ បាននាំកុមារជាង ៥០០ នាក់មកពីអង្គការសប្បុរសធម៌ចំនួន១២ នៅជុំវិញរាជធានីភ្នំពេញមកទស្សនាការសម្តែងដ៏អស្ចារ្យ ដែលផ្តល់ជូនដល់សាធារណជនទូទៅចូលទស្សនាដោយសេរីនៅសាលមហោស្រព NABA នៅណាហ្គាទី ២។
កុមារមកពីអង្គការទាំង១២រួមមាន អង្គការមូលនិធិអឺរ៉ុបសម្រាប់កុមារកម្ពុជា, អង្គការផ្ទះនៃគ្រួសារ, អង្គការជួយកុមារងាយរងគ្រោះកម្ពុជា, អង្គការបណ្តុះបណ្តាលកុមារកំព្រាយុវជនពិការ និងស្រ្តីក្រីក្រ, វិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ, អង្គការកម្ពុជាសម្រាប់ការរស់នៅ និងការថែទាំបណ្តោះអាសន្ន, អង្គការខេមរា, មូលនិធិកុមារកម្ពុជា, អង្គការលើកស្ទួយប្រជាពលរដ្ឋ, អង្គការថែទាំកុមារផ្កាយ និងសមាគមអភិវឌ្ឍគ្រួសារពលី និងកុមារកំព្រា។
លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “យើងរីករាយយ៉ាងខ្លាំង ដែលបាននាំកុមារទាំងនេះមកទស្សនាការសម្តែងនៅ NABA ។ យើងដឹងថា ការអប់រំ មានសារសំខាន់ណាស់ ប៉ុន្តែការកម្សាន្ត ក៏មានសារសំខាន់ដូចគ្នា។ សិស្សដែលរីករាយ នឹងមានទឹកចិត្តរៀនសូត្រជាងមុន និងមានឱកាសជោគជ័យច្រើន” ។
លោក Pern បានបន្ថែមទៀតថា “យើងក៏សង្ឃឹមផងដែរថា ការសម្តែងពិសេសនៅសាលមហោស្រព NABA ដែលមានសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិនេះ នឹងធ្វើឲ្យកុមាររីករាយ និងជួយលើកទឹកចិត្តឲ្យពួកគេចាប់យកអាជីពសិល្បៈផងដែរ។ យើងលើកទឹកចិត្តឲ្យពួកគេធ្វើតាមក្តីស្រមៃ និងចំណង់ចំណូលចិត្តរបស់ពួកគេ។
កុមារទាំងអស់ បានទទួលនូវភាពរីករាយយ៉ាងខ្លាំងបន្ទាប់ពីទស្សនាការសម្តែងលើកទីមួយរបស់ពួកគេ។ កុមារី ស្មៀន ឡែន មកពីអង្គការមូលនិធិអឺរ៉ុបសម្រាប់កុមារកម្ពុជា បាននិយាយថា “ខ្ញុំរីករាយយ៉ាងខ្លាំងដែលបានទស្សនាការសម្តែងពិសេសនេះ ជាពិសេសខ្ញុំចូលចិត្តឈុតច្រៀង និងរាំជាក្រុម! វាពិតជាអស្ចារ្យ” ។
ក្នុងពេលដំណាលគ្នានោះដែរ អ្នកគ្រប់គ្រងអង្គការអង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រ អ្នកស្រី កែន ស្រីនាថ បានមានប្រសាសន៍ថា ពួកគាត់រីករាយយ៉ាងខ្លាំងដែលណាហ្គាវើលដ៍អញ្ជើញយើងខ្ញុំ និងកុមារមកទស្សនាការសម្តែងដ៏អស្ចារ្យនេះនៅសាលមហោស្រព NABA ។ អ្នកស្រី បានបន្ថែមថា “កុមារទាំងអស់ រំភើបយ៉ាងខ្លាំង ហើយពួកគេចូលចិត្តសាលមហោស្រព និងការតុបតែងដ៏ស្រស់ស្អាតទូទាំងអគារណាហ្គាវើលដ៍យ៉ាងខ្លាំង” ។
សាលមហោស្រព NABA ដែលមាន ២.០០០កៅអីនៅណាហ្គាទី២ ផ្តល់ឲ្យសាធារណជននូវការសម្តែងលំដាប់ពិភពលោក ដែលរួមមានការសម្តែងសិល្បៈ ច្រៀង រាំ និងសៀកអមដោយការចាក់បញ្ចាំងផ្ទាំងក្រាហ្វិករូបភាពដ៏រស់រវើកនៅក្រោយឆាក៕ ស តារា