ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន ០៤នាក់(ប្រុស) និងជនជាតិវៀតណាមចំនួន ០៥នាក់/ស្រី ០៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអន្តរជាតិចន្ទាយចក្រី និងច្រកទ្វារអាកាសអន្តរជាតិភ្នំពេញ ។
មន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា
ជនជាតិចិនទាំង ០៤នាក់ខាងលើពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធីណែត ចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តកំពត ។
ចំណែកជនជាតិចិន ០១នាក់ទៀត ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅប្រទេសកម្ពុជា បានអនុវត្តទោសក្នុងពន្ធនាគារចំនួន ២ឆ្នាំ ៣ខែរួច និងមានពាក់ព័ន្ធករណីល្មើសច្បាប់ផ្សេងទៀតដែលបានប្រព្រឹត្តនៅប្រទេសចិន។
ប្រភពបន្តថារីឯជនជាតិវៀតណាម ចំនួន ០៥នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ៕