ខេត្តពោធិ៍សាត់៖ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ និងប៉ុស្តិ៍រដ្ឋបាលសហការគ្នា ចុះអនុវត្តដីកាបង្គប់ឲ្យនាំខ្លួនរបស់ចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
ប្រតិបត្តិការខាងលើធ្វើឡើងព្រមគ្នានៅវេលាម៉ោង១២ និង១០នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្គោលធំ ឃុំអន្លង់ត្នោត និងភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា បើយោងតាមដីកា(បង្គាប់ឲ្យនាំខ្លួន)លេខ៧៣ នខ ១៧ ចេញដោយលោក យ៉ាន សុភាព ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចបើកការសើបសួរលើឈ្មោះ ភួន សុជា ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ក្នុងករណី(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រិត្តឡើងនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លែងមកថ្មីៗនេះ។
ដោយឡែក៖ ប្រភពដដែលបើយោងតាមដីកា(បង្គាប់ឲ្យនាំខ្លួន)លេខ៥៤ នខ ១៧ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ថោង ផល្លារង្សី គប្បីសម្រេចនាំខ្លួនឈ្មោះ ឯក សុផល ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ស្ថិតក្រោមការត្រួតពិនិត្យពីបទ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ដែលបានប្រព្រិត្តឡើងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០១៦+២០១៧ ហើយចៅក្រមសើបសួរបានចេញដីកាបង្គាប់ឲ្យចូលខ្លួនលេខ៣០៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ រួចមកហើយ ប៉ុន្តែឈ្មោះនេះមិនព្រមចូលខ្លួនមកបំភ្លឺដល់ចៅក្រមនោះទេ។
ប្រភពដដែលខាងលើបន្តទៀតថា ជនសង្ស័យទាំង ២នាក់បាននាំយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណំបបទឯកសារពាក់ព័ន្ធនានា រួចបន្តបញ្ជួនទៅការិយាល័យជំនាញគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតពោធិ៍សាត់ អនុវត្តតាមលំដាប់លំដោយនៃនីតិវិធីនៃច្បាប់៕ ប៉ឹម ពិន