ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទៅបុកម៉ូតូ​របួសធ្ងន់ម្នាក់ មិនព្រមឈប់បន្តទៅកិនម៉ូតូប៉ូលិសនៅក្រោមរថយន្តថែមទៀត បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកលឿនជ្រុលទៅកៀរម៉ូតូសេ១២៥ បើកឆ្លងផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយរថយន្តមិនបានឈប់ ព្យាយាមបើករត់ បានចម្ងាយជិតមួយគីឡូម៉ែត្រ ប៉ូលិសដេញតាម ឃាត់ បែជាអ្នកបើកបររថយន្ត មិនបានពន្លត់ម៉ាស៊ីន ប្រលែងដៃចង្កូតលោតហក់ចុះ ធ្វើឲ្យរថយន្តជ្រុលទៅបុកម៉ូតូប៉ូលិសមួយគ្រឿងទៀតកល់ជាប់ពីក្រោម ហើយគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។

រថយន្តបង្កម៉ាក នីសាន់ បែនកង់៦ ដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0855 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុ លោតចុះរត់កាត់វាលស្រែទៅបាត់ ។ ចំណែកម៉ូតូរងគ្រោះ២គ្រឿង មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-1941 បើកបរដោយជនរងគ្រោះ ឈ្មោះ ហូល ទិរ៉ន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ Nikko KINzoku នៅតំបន់សេដ្ឋកិច្ច ស្នាក់នៅផ្ទះជួល បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ទទួលរងរបួសធ្ងន់ ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក FORTINER ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយមន្រ្តីនគរបាលប៉ុស្តិ៍ពងទឹក គ្នា២នាក់ រងរបួសស្រាលម្នាក់ ម្នាក់ទៀតមិនមានរងរបួស ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូជនរងគ្រោះសេ១២៥ ជិះម្នាក់ឯង ឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត ត្រូវបានរថយន្តបង្កបើកពីត្បូងទៅជើងតាមផ្លូវជាតិលេខ៣ ក្នុងល្បឿនលឿន ជ្រុលកៀរពីចំហៀង បណ្តាលឲ្យយុវជនម្ចាស់ម៉ូតូ ដួលរងរបួសធ្ងន់ ។ ចំណែកឯរថយន្តមិនបានឈប់ទេ បែជាបន្តបើករត់ បានចម្ងាយជិត១គីឡូម៉ែត្រ ត្រូវបានប៉ូលិស២នាក់ជិះម៉ូតូដេញតាមឃាត់ បោយដៃហៅឃាត់ពីមុខ តែរថយន្តគ្រាន់តែបង្អន់ល្បឿនហើយ មិនទាន់បានឈប់ស្ងៀមផង អ្នកបើកបរ ហក់លោតចុះរត់កាត់វាលស្រែទៅបាត់ ធ្វើឲ្យរថយន្តជ្រុលទៅបុកម៉ូតូប៉ូលិសកល់គៀបជាប់ពីក្រោម រងការខូចខាត ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសបែកក្បាលធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពពងទឹក ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯរថយន្តបង្ក និងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖