ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារវឌ្ឍនៈ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះគឺជាអគារ ដ៏ខ្ពស់មួយនៅកណ្ដាល ទីក្រុងភ្នំពេញ ដែលត្រូវបានដាក់រហ័សនាមថា «ចក្កវាឡប្លែក គេ» មានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្ម ចម្រុះជាច្រើន ដូច ជា ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យ ធ្វើសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ព្រមទាំងមាន ហាងលក់ទំនិញ ដែល មានម៉ាកល្បីៗ លំដាប់អន្តរជាតិ ទៀតផង។ អគារនេះមានតម្លៃជាង ១០០លាន ដុល្លារដែលបានបញ្ចប់ ការសាងសង់ ទាំងស្រុងកាល ពីឆ្នាំ២០១២ហើយបានបើកសម្ពោធលើកដំបូងគឺនៅល្ងាចថ្ងៃទី ២៦ ឧសភា ២០១៨ នេះ រួមគ្នាជាមួយការបើកឱ្យដំណើរការ សណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood នៅជាន់ទី៣៩ ផុតគេនៅក្នុងអគារនេះផងដែរ។
ថ្ងៃនេះ សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញសម្ពោធអគារវឌ្ឍនៈនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពណាស់ដែលយើងមានអាគារខ្ពស់ៗបែបនេះ ហើយក៏ជាមោទនភាព មួយរបស់រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ទីក្រុងភ្នំពេញចាប់ពីពេលក្រោយសង្គ្រាមភ្លាម គឺមានមនុស្សត្រឹមតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរបស់យើង ទាំងអស់គ្នាក៏បានប្រែក្លាយទីក្រុងភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍនិងរីកចម្រើនដូចសព្វថ្ងៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទម្រាំកម្ពុជាមានការរីកចម្រើនប៉ុននេះ គឺកម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើនជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានបំផ្លាញអ្វីៗស្ទើរទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈដែលចាប់ផ្តើមពីរនាក់ប្តីប្រពន្ធ ដំបូងឡើយគ្រាន់តែជាអ្នកលក់អំបោះហុង តែប៉ុណ្ណោះក៏ប៉ុន្តែដោយសារតែ ការខិតខំប្រឹងប្រែង និងការព្យាយាម ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាពទើបធ្វើឲ្យពួកគាត់ទទួលបាននូវភាពជោគជ័យដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះវិស័យឯកជនកំពុងមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់និងក៏បានរួមចំណែកក្នុងការជំរុញវិស័យសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនផងដែរ។
នាឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រុមពាណិជ្ជករ ក៏ដូចជាអ្នកដែលមាន ទ្រព្យធនក្នុងប្រទេសកម្ពុជាអាចទិញឧទ្ធម្ភាគចក្រ សម្រាប់ធ្វើដំណើរពីព្រោះវាអាចបម្រើប្រយោជន៍ជាច្រើន ហើយសម្តេចតេជោជំរុញឲ្យមានការនាំចូលនូវឧទ្ធម្ភាគចក្រផងដែរ ម៉្យាវិញទៀតពេល ដែលរាជរដ្ឋាភិបាលត្រូវការដូចជាសម្រាប់ជួយសង្គ្រោះពេលមានទឹកជំនន់ដល់ប្រជាពលរដ្ឋបានផងដែរ។
ទោះបីជាពេលនេះកម្ពុជាមានការរីកចម្រើនប៉ុណ្ណេះក៏ដោយ ក៏កម្ពុជានៅតែត្រូវការការវិនិយោគបន្ថែមទៀត ដើម្បីឲ្យប្រទេសដ៏កំសត់មួយនេះមានការវិឌ្ឍន៍រីកចម្រើនបន្ថែមទៀត។ សម្តេចតេជោ ពិតជាមានមោទនភាពចំពោះការវិនិយោគរបស់ក្រុមហ៊ុន វឌ្ឍនៈនេះ ដែលបាននាំមកនូវផលិតផល របស់ក្រុមហ៊ុន និងម៉ាកល្បីៗពីបរទេសមកលក់ក្នុងអគារពាណិជ្ជកម្មនេះ សង្ឃឹមថាក្រុមហ៊ុន និងទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេស។
មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរដល់ម្ចាស់ក្រុមហ៊ុន ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត និងបានប្រកាសបើកសម្ពោធអគារវឌ្ឍនៈនេះចាប់ពីពេលនេះតទៅ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ