ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តATOZបើកបុកបង្គោលឡាក់ នៅជាប់របងស្ថានទូតចិនបាក់អស់១ដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុកបង្គោលឡាក់នៅជាប់របងស្ថានទូតចិន បាក់អស់១ដើម ហើយរថយន្តបង្កកល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាយផ្លវ១៧៣ នៅចំណុចជាប់របងស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកATOZ ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-2287 បើកបរតាមបណ្ដោយផ្លូវ១៧៣ ទិសដៅពីជើងទៅត្បូង ដោយអ្នកបើកបរស្ថិតក្នុងសភាពស្រវឹងស្រា ខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកបង្គោលឡាក់នៅជាប់របងស្ថានទូតចិន បាក់អស់១ដើម ឯរថយន្តខូចខាតផ្នែកខាងមុខកល់ជាប់ទៅមុខលែងរួច តែមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកកន្លែងកើតហេតុដោយសារមិនប៉ះពាល់សម្បត្តិរដ្ឋរួចឲម្ចាស់រថយន្តដោះស្រាយជាមួយតំណាងខាងស្ថានទូតដោយជួសជុលឡើងវិញ ដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ


ចែករំលែក៖