ខេត្តសៀមរាប៖ តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងថាលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលឬហៅថាមេពេទ្យសត្វខេត្តសៀមរាប នៅតែបន្តឃុបឃិតឲ្យឈ្មួញនាំចូលជ្រូករស់ ជ្រូកងាប់ ឬជ្រូកមានជំងឺ មកកាប់សាច់លក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ព្រំ វិច អាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផងដែរ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជានាយកដ្ឋានពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម ចាត់វិធានការទៅលើអំពើពុករលួយនិងសកម្មភាពមិនប្រក្រតីរបស់លោក ព្រំ វិច មេពេទ្យសត្វខេត្តសៀមរាប ជាបន្ទាន់។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងទៀតថា រឿងអាស្រូវពុករលួយបក្ខពួកនិយមរបស់លោក ព្រំ វិច ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងកសិកម្ម បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបឈ្មួញមួយចំនួនអាចនាំចូលជ្រូកឈឺ ជ្រូកត្រចៀកខៀវ ឬជ្រូកងាប់មកកាប់សាច់លក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប យ៉ាងរាលដាលដោយមិនខ្វល់ពីផលប៉ះពាល់ទៅលើសុខភាពប្រជាពលរដ្ឋនោះទេ។ លើសនេះទៅទៀតឈ្មួញមួយចំនួនអាចនាំចូលជ្រូករស់ឬមាន់ទាររស់ពីប្រទេសថៃមកកាប់សាច់លក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីសំណាក់ក្រុមមន្ត្រីពេទ្យសត្វក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ព្រំ វិច នោះទេ។
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានលើកឡើងថា ឈ្មួញជាច្រើននាក់នៅតែអាចនាំជ្រូកពីស្រុកយួនមកកាប់សាច់លក់ក្នុងទីផ្សារខេត្តសៀមរាប កាន់តែច្រើនឡើងៗព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ព្រំ វិច រួចទៅហើយ។ ឈ្មួញខ្លះទៀតសម្រុកដឹកជញ្ជូនជ្រូករស់ពីប្រទេសថៃមកកាប់សាច់លក់ពេញទីផ្សារ ក៏ដូចជានាំចូលមាន់ទាររស់ពីប្រទេសថៃមកលក់ចែកចាយពេញផ្សារក្នុងខេត្តសៀមរាប ហើយមិនឃើញលោក ព្រំ វិច ព្រមទាំងមន្ត្រីក្រោមឱវាទចាត់វិធានការត្រួតពិនិត្យតាមតួនាទីរបស់ខ្លួននោះទេ។
រឿងអាស្រូវពុករលួយរបស់លោក ព្រំ វិច និងបក្ខពួកត្រូវបានមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប បើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម បានដឹងឮនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ប៉ុន្តែថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាពិសេសថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធបែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប ប្រើប្រាស់តួនាទីដើម្បីប្រមូលលុយតាមរបៀបពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។
លោកព្រំ វិច បានមានប្រសាសន៍បដិសេធចំពោះការចោទប្រកាន់ទាំងអម្បាលម៉ាននោះ ។ លោកមានប្រសាសន៍ថា ទម្រាំការដឹកជញ្ជូនសត្វចូលមកដល់ខេត្តសៀមរាបត្រូវឆ្លងកាត់ខេត្តជាច្រើន ដូច្នេះសមត្ថកិច្ចនៅតាមផ្លូវមិនបណ្តោយឲ្យមានបញ្ហានេះកើតឡើងទេ ។ សមត្ថកិច្ចតាមព្រំដែនបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះការចរាចរណ៍សត្វមកពីប្រទេសជិតខាង ។ លោកថា វាមិនងាយស្រួលនោះទេក្នុងការនាំសត្វចូលពីប្រទេសជិតខាង ពីព្រោះយ៉ាងមានការត្រួតពិនិត្យនៅព្រំដែនម៉ត់ចត់ រីឯនៅក្នុងខេត្តសៀមរាបគ្មានសត្វឈឺត្រូវបានសម្លាប់យកសាច់នោះឡើយ ។
លោកប្រធានការិយាល័យពេទ្យសត្វបានបន្ថែមថា ចំពោះការត្រួតពិនិត្យការសម្លាប់សត្វឯណោះវិញ គឺយើងបានដាក់មន្ត្រីនៅសត្វឃាតដ្ឋានគ្រប់ពេលវេលា ។ លោកបានបញ្ជាក់ថា «ខ្ញុំក៏ដូចជាគ្រួសារខ្ញុំទាំងមូលទទួលទានសាច់ដែលទិញពីផ្សារដូចប្រជាពលរដ្ឋទូទៅដែរ ដូច្នេះ គ្មានហេតុផលអីត្រូវយកសត្វមានជំងឺទៅសម្លាប់យកសាច់មកទទួលទាននោះ» ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការខេត្តសៀមរាបនៅតែអះអាងថា ការនាំសត្វពីបរទេសចូលខេត្តសៀមរាប មានលាយឡំដោយអំពើពុករលួយ ។ ប្រសិនបើមិនដូច្នោះទេ ទោះបីជាសត្វមានសុខភាពល្អ ក៏ត្រូវតែមានចំណែកបង់ប្រាក់ឲ្យមន្ត្រីពេទ្យសត្វដែរ ។ រឿងលុយកាក់ជារឿងធម្មតា ដែលត្រូវចែករំលែកជូនមន្ត្រីពេទ្យសត្វ ៕ ប៊ុនរិទ្ធី