ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្ដោប្រវេសន៍ ឆ្មក់ចាប់ជនជាតិវៀតណាម១២នាក់ នៅតាមសិប្បកម្មឈើ ដែលមកធ្វើការខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សិប្បកម្មឈើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានកម្លាំនគរបាលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចុះបង្ក្រាបជាក់ស្តែងជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១២នាក់ ដោយរកឃើញថា ចូលមកធ្វើការ និងស្នាក់នៅប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ឲ្យបន្តចុះអនុវត្តជនបរទេសទាំងអស់ដែលចូលមកធ្វើការ និងស្នាក់នៅប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ត្រូវតែឃាត់ខ្លួនរួចបំពេញឯសារបញ្ជូនទៅប្រទេសដើមវិញ ។

លោកប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តទៀតថា ជាក់ស្តែង កាលពីវេលាម៉ោង​២រសៀល ថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ លោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលជនបរទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចទីតាំង សិប្បកម្មឈើដែល ស្ថិតតាមបណ្ដោលផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាលិទ្ធផលឃាត់ខ្លួនបានជនជាតិវៀតណាម១២នាក់ ក្នុងស្រី៣នាក់ អ្នកទាំងអស់នោះសុទ្ធតែមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតិ ។

ក្រោយប្រតិបត្តិការចប់ ជនជាតិវៀតណាមទាំង១២នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី ៕ស រស្មី


ចែករំលែក៖