ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបែកថ្នាំបើករថយន្តស៊េរីទំនើប​ចូលក្នុងដីឡូត៍ស្រែកឡូឡាផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចចុះមកឃាត់

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍មួយបានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងអំឡុងវេលាម៉ោង១ជាងយប់ ឈានចូលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដែលធ្វើឲ្យអ្នកភូមិដេកមិនលក់ ដោយសារយុវជនម្នាក់សង្ស័យបែកថ្នាំ បានរថយន្តស៊េរីទំនើប មួយគ្រឿងចូលក្នុងដីឡូត៍ហើយដើរស្រែឡូឡាពេញភូមិ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គេឃើញយុវជនម្នាក់មិនដឹងមកពីណាទេ បានបើករថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាកតូយ៉ូតាហាយប៊្រីត មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7691 ចូលទៅក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ស្របពេលរថយន្ត អស់សាំងផងនោះ ទើបទៅមុខលែងរួច ក៏ចតរថយន្តទុកចោល ហើយបានដើរស្រែឡូឡាពេញភូមិសំបួរ ធ្វើឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ភ្ញាក់មកមើលតែម្ដង ។

ប្រជាពលរដ្ឋបានបន្តថា លុះដល់ជិតភ្លឺទើបប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានថា មានជនបែកថ្នាំ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ដង្កោបានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំយករថយន្តនិងយុវជនខាងលើយកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើតេស្តទឹកនោម និងបានពិនិត្យឃើញថា យុវជនខាងលើពិតជាមានសារធាតុញៀនប្រាកដមែន ។

បន្ទាប់ក្រោយមក ក៏មានម្តាយយុវជនខាងលើជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺសរ័ មកធានាយកកូនរបស់គាត់ត្រឡប់ទៅផ្ទះវិញ៕ ភារ៉ា ដង្កោ


ចែករំលែក៖