ខេត្តបាត់ដំបង៖ ទីចាត់ការសាលារៀនបឋមសិក្សា១ខ្នងស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវរន្ទះបាញ់បង្កឲ្យឆេះជាអគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យបានចេញជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈដែលមានភ្លៀងរលឹមស្រិចៗលាយឡំ និងផ្គរន្ទះ ។
ករណីរន្ទះបាញ់ចំទីចាត់ការសាលាសេចក្តីរាយការណ៍ឲ្យដឹងថា មិនបង្កឲ្យរងគ្រោះថ្នាក់ជីវិតអ្នកណាម្នាក់នោះឡើយ គ្រាដែលកើតហេតុការណ៍នោះសិស្ស និងគ្រូបានចេញទៅផ្ទះអស់ទៅហើយនោះ។
ហេតុការណ៍កើតឡើងនៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាតាសី នៅវេលាម៉ោង៥និង៤៥នាទី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្មគោលឲ្យដឹងថា រន្ទះបាញ់បានរងការខូចខាតសម្ភារៈ និងឯកសារមួយចំនួនរួមមានៈ ឯកសារមួយចំនួនធំគឺធុងដាក់ឯកសារមួយ, ទូរដាក់ឯកសារមួយ, ម៉ាសុីន កុំព្យូទ័រ ១ គ្រឿង ម៉ាសុីនព្រីន ១។
រន្ទះបាញ់បង្កជាអគ្គិភ័យបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចរន្ទះបាញ់ឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆេះតែម្តង ៕ សំ វិច្ឆិកា