ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាត់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១៨ទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ច តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺពេលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងសមត្ថកិច្ចបានចាក់សោទ្វាររបងជុំវិញប៉ុស្ដិ៍ធ្វើឲ្យជនរងគ្រោះអង្គុយចាំជាច្រើនម៉ោងទើបចេញមកបើកទ្វារទទួលពាក្យបណ្ដឹង។
ករណីវាយប្លន់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបទចូលក្រុមហ៊ុនសុិនទ្រី តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអូសបន្លែរផ្សារច្បារអំពៅ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកបាត់នោះម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GY-6481 ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេទើបតែមកពីផ្ទះមិត្តភ័ក្រនៅឯចោមចៅបំណងទៅផ្ទះនៅច្បារអំពៅ។ ប្រភពបានបន្តថា ពេលដែលជិះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមានគ្នា៥ទៅ៦នាក់មកធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូទៅបាត់ បណ្ដាលឲ្យរូបគេរងរបួសបែកចិញ្ចើម។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោរដើម្បីឲ្យសមត្ថកិច្ចជួអន្តរាគមន៍ តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺសមត្ថកិច្ចចាក់សោរទ្វាររបងជុំវិញប៉ុស្ដិ៍ដេកលក់យ៉ាងស្កប់ស្កល់ធ្វើព្រងើយមិនខ្វល់ពីអ្វីទាំងអស់ ទោះខំស្រែកហៅក៏មិនលឺធ្វើឲ្យជនរងគ្រោះអង្គុយចាំរាប់ម៉ោង។ លុះក្រោយមកទើបមានសមត្ថកិច្ចម្នាក់ចេញមកបើកទ្វាររបងនិងហៅជនរងទៅសួរនាំនិងដាក់ពាក្យបណ្ដឹងតែម្ដង ៕ ភារ៉ា ដង្កោ